(តៃប៉ិ)៖ តៃវ៉ាន់ រំពឹងថានឹងដាក់ឱ្យប្រើនាវាមុជទឹកថ្មី ២គ្រឿងដែលផលិតក្នុងស្រុក នៅឆ្នាំ២០២៧ ហើយអាចនឹងបំពាក់នូវមីស៉ីលនៅពេលក្រោយ ដើម្បី ពង្រឹងសមត្ថភាពប្រឆាំងកងទ័ពជើងទឹកចិន និងការពារបណ្ដាញផ្គត់ផ្គង់សំខាន់ៗ។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់​ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Straits Times នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧត្តមនាវីឯក ហ័ង ស៊ូគ័ង (Huang Shu-kuang) ទីប្រឹក្សាសន្តិសុខរបស់មេដឹកនាំតៃវ៉ាន់ដែលកំពុងដឹកនាំកម្មវិធីអភិវឌ្ឍនាវាមុជទឹកនេះ បាននិយាយថា កងនាវានៃនាវាមុជទឹកចំនួន ១០គ្រឿង ក្នុងនោះមាននាវាមុជទឹកផលិតដោយហូឡង់ ២គ្រឿងដែលដំណើរការក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នឹងធ្វើកងទ័ពជើងទឹកចិនមានការលំបាកក្នុងការពង្រីកឥទ្ធិពលទៅកាន់តំបន់ប៉ាស៉ីហ្វិក។

លោក ហ័ង បានប្រាប់សន្និសីទសង្ខេបផ្ទៃក្នុងស្តីពីគម្រោងនេះយ៉ាងដូច្នេះថា «ប្រសិនបើយើងអាចបង្កើនសមត្ថភាពប្រយុទ្ធនេះ ខ្ញុំមិនគិតឡើយថាយើង នឹងចាញ់សង្រ្គាមនោះទេ»។ លោកបន្ថែមថានាវាមុជទឹកដំបូង មានតម្លៃ ១.៥៤ពាន់លានដុល្លារប្រើប្រាស់ប្រព័ន្ធប្រយុទ្ធផលិតដោយក្រុមហ៊ុន Lockheed Martin Corp ហើយបំពាក់មីស៉ីល MK-48 torpedoes ផលិតដោយសហរដ្ឋអាមេរិក។ នាវាមុជទឹកនេះនឹងឆ្លងកាត់ការសាកល្បង នៅសមុទ្រនៅខែតុលា មុនពេលប្រគល់ទៅឲ្យកងទ័ពជើងទឹកនៅចុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា តៃវ៉ាន់ បាន និងកំពុងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈទីក្រុងប៉េកាំងបង្កើនសកម្មភាពនៅក្នុងតំបន់នេះ។ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ត្រូវបានគេរំពឹងថា នឹងសម្ភោធនាវាមុជទឹកដំបូងក្នុងចំណោម ៨គ្រឿងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

រូបភាពពី Kyodo