(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានថ្កោលទោសការរិះគន់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) ចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដោយនិយាយថាវាជាធម្មជាតិ និងជារឿងធម្មតាដែលអ្នកជិតខាងគ្នា ត្រូវរក្សាទំនាក់ទំនងជិតស្និទ្ធ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straits Times។

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន លោក យូន បាននិយាយថា ប្រសិនបើរុស្ស៉ីជួយកូរ៉េខាងជើង ពង្រឹងកម្មវិធីអាវុធរបស់ខ្លួន ជាថ្នូរនឹងជំនួយសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន នោះវានឹងជា «ការបង្ករឿងដោយផ្ទាល់»។ កូរ៉េខាងជើង ចាត់ទុកសុន្ទរកថារបស់លោក យូន ថាបាន បង្កាច់បង្ខូចដល់កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយរុស្ស៉ី ហើយចោទលោក យូន ដែរថាកំពុងដើរតួរជាឧបករណ៍បំពងសំឡេងឱ្យសហរដ្ឋអាមេរិក ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយយ៉ាងដូច្នេះថា «វាជារឿងធម្មតានោះទេ សម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយគ្នាទៅវិញទៅមក ហើយគ្មានហេតុផលអ្វីដើម្បីហៅការអនុវត្តបែបនេះថា ជាការប៉ុងប៉ងណាមួយឡើយ»

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅឯប្រទេសរុស្ស៉ី លោក គីម និងលោក ពូទីន បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច។ ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងមានការព្រួយបារម្ភថា រុស្ស៉ីកំពុងព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងស្វែងរកជំនួយ ផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់ខ្លួន៕

រូបភាពពី AFP