(ប៉េកាំង)៖ ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោក វ៉ាល់ឌីស ដុមប្រូវស្គីស (Valdis Dombrovskis) បាននិយាយថាទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបកំពុងស្ថិតនៅលើផ្លូវបំបែក ហើយភាគីទាំង២ អាចនឹងបែកចេញពីគ្នាបន្តិចម្ដងៗ ដោយសារតែការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន និងច្បាប់ពាណិជ្ជកម្មមួយចំនួនដែលមានការរើសអើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ដុមប្រូវស្គីស ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថានៅឯទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះ។ ស្នងការអឺរ៉ុបរូបនេះក៏បាន លើកឡើងដែរថាការបដិសេធថ្កោលទោសសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន កំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ។ លោក ដុមប្រូវស្គីស បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅលើផ្លូវបំបែក។ យើងអាចជ្រើសរើសយកជំហានមួយឆ្ពោះទៅរកទំនាក់ទំនងផ្ដលផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ផ្អែកលើមូលដ្ឋានបើកចំហ តម្លាភាពពាណិជ្ជកម្ម និងការវិនិយោគ»។ លោកបន្ថែមថា «គោលជំហររបស់ចិនជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក៏បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសដែរ ដ្បិតការគោរពបូរណភាពទឹកដីតែងតែស្ថិតនៅជាគោលការណ៍ដ៏សំខាន់មួយរបស់ចិន នៅក្នុង ការទូតអន្តរជាតិ។ ដូច្នេះសង្រ្គាមរបស់រុស្ស៉ីគឺជាការបំពានធ្ងន់ធ្ងរលើគោលការណ៍នេះ»

គួរបញ្ជាក់ថា ចិន បានប្រកាន់យកជំហរអព្យាក្រឹតចំពោះសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកខាងលិចបានចោទប្រកាន់ថាចិនកំពុងផ្ដល់ការគាំទ្រដល់ទីក្រុង មូស្គូ ទាំងខាងការទូត និងហិរញ្ញវត្ថុតាមរយៈទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី។ រុស្ស៉ី និងចិនជារឿយៗក៏បានលើកឡើងផងដែរពីភាពជាដៃគូគ្មានព្រំដែន នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា៕

រូបភាពី Europa Press