(យ៉េរ៉េវ៉ាន់)៖ ជនជាតិអាមេនីច្រើនជាង១,០០០នាក់ បានរត់ភៀសខ្លួនចេញពីតំបន់ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាស៊ែបៃហ្សង់ ដណើ្ដមគ្រប់គ្រងតំបន់ផ្ដាច់ខ្លួនមួយនេះ នៅក្នុងប្រតិបត្តិការយោធាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋាភិបាលអាមេនី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថាមនុស្សសរុប ១,០៥០នាក់ បានឆ្លងព្រំដែនចេញពីតំបន់ Nagorno-Karabakh ចូលក្នុងទឹកដីអាមេនី។ អាមេនីក៏បានបញ្ជាក់ដែរថាខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលយកជនភៀសខ្លួនទាំងនេះ ក្រោយជ័យជម្នះយោធារបស់អាស៊ែបៃហ្សង់ កាលពីសប្ដាហ៍មុន។

បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានកត់សម្គាល់កាលពីថ្ងៃអាទិត្យដែរថាលោកផ្ទាល់រំពឹងថាប្រជាជនស៊ីវិល ប្រហែលជា ១២០,០០០នាក់ មកពីតំបន់ Nagorno-Karabakh នឹងអាចចាកចេញពីតំបន់នេះចូលទៅក្នុងប្រទេសអាមេនី ដោយសារតែពួកគេ មិនចង់រស់នៅក្រោមការគ្រប់គ្រងរបស់អាស៊ែបៃហ្សង់ និងភ័យខ្លាចពីគ្រោះថ្នាក់នៃការបោសសម្អាតពូជសាសន៍។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh គឺជាទឹកដីមួយត្រូវបានអន្តរជាតិទទួលស្គាល់ថាជាផ្នែកមួយនៃទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរ ដោយជនជាតិអាមេនីរស់នៅ និងផ្នែកខ្លះត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន។ អាមេនី និងអាស៊ែបៃហ្សង់ បានប្រយុទ្ធគ្នាដណ្ដើមគ្រប់គ្រងតំបន់នេះ អស់រយៈពេលជាង៣០ឆ្នាំ ហើយអាស៊ែបៃហ្សង់បានដណ្ដើមគ្រប់គ្រងទឹកដីមួយផ្នែកធំនៃតំបន់ Nagorno-Karabakh នៅក្នុងសង្រ្គាមចាយពេល ៦សប្ដាហ៍ កាលពីឆ្នាំ២០២០។

អាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការយោធាជាថ្មីកាលពីសប្ដាហ៍មុន ដោយបង្ខំឱ្យក្រុមផ្ដាច់ខ្លួនទទួលយកបទឈប់បាញ់ ខណៈប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៉ីលហាំ អាលីយេវ (Ilham Aliyev) បានប្រកាសពីជោគជ័យកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដោយនិយាយថាតំបន់ Nagorno-Karabakh បានត្រឡប់មកស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់អាស៊ែបៃហ្សង់ ភ្ជាប់ជាមួយការសន្យាថានឹងធានាការពារសិទ្ធិ និងសន្តិសុខនៃប្រជាជនអាមេនី កំពុងរស់នៅក្នុងតំបន់៕

រូបភាពពី AFP