(តូរ៉ុនតូ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកាណាដាបាននិយាយថា ព័ត៌មានដែលចែករំលែក ដោយសមាជិកនៃសម្ព័ន្ធចែករំលែកព័ត៌មានសម្ងាត់ គឺជាផ្នែកមួយនៃអ្វីដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រើដើម្បីធ្វើការចោទប្រកាន់ជាសាធារណៈ អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការធ្វើឃាតមេដឹកនាំសាសនាសីគ (Sikh) ដែលជាជនជាតិភាគតិចកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក David Cohen បានប្រាប់សារព័ត៌មាន CTV របស់កាណាដាថា «មានការស៊ើបការណ៍សម្ងាត់រួមគ្នា រវាងក្រុមប្រទេសដៃគូភ្នែកបាំ (Five Eyes) បានជួយកាណាដាធ្វើសេចក្តីថ្លែងការណ៍ដែលនាយករដ្ឋមន្ត្រីបានធ្វើ»។

សារព័ត៌មាន CTV បានចេញផ្សាយការកត់សម្គាល់មួយចំនួនរបស់ លោក Cohen កាលពីល្ងាចថ្ងៃសុក្រ ហើយបណ្តាញនេះបាននិយាយថា ខ្លួននឹងចាក់ផ្សាយបទសម្ភាសន៍ពេញលេញ ជាមួយប្រេសិតសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែមិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ការ​ស៊ើប​អង្កេត​រួម​ត្រូវ​បាន​បញ្ចេញ​ទេ។

មន្ត្រីកាណាដាម្នាក់កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់សារព័ត៌មាន The Associated Press ថា ការចោទប្រកាន់ពីការចូលរួមរបស់ឥណ្ឌាក្នុងការធ្វើឃាតនេះ គឺផ្អែកលើការឃ្លាំមើលអ្នកការទូតឥណ្ឌានៅក្នុងប្រទេសកាណាដា រួមទាំងការស៊ើបការណ៍សម្ងាត់ដែលផ្តល់ដោយសម្ព័ន្ធមិត្តសំខាន់មួយ ដោយមិនបញ្ជាក់ថាសម្ព័ន្ធមិត្តណាមួយឡើយ។

គួរបញ្ជាក់ថា សម្ព័ន្ធចែករំលែកការស៊ើបការណ៍សម្ងាត់ដែលហៅកាត់ថា Five Eyes រួមមាន អូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ទំនាក់ទំនងរវាងប្រទេសកាណាដា និងឥណ្ឌាបានឈានដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប នៅពេលដែល លោក Trudeau បាននិយាយថា មាន «ការចោទប្រកាន់ដ៏គួរឱ្យទុកចិត្ត» នៃការពាក់ព័ន្ធរបស់ឥណ្ឌាក្នុងការធ្វើឃាតកាលពីខែមិថុនា លើលោក Hardeep Singh Nigar ដែលជាមេដឹកនាំសាសនា Sikh អាយុ ៤៥ ឆ្នាំនៅជាយក្រុង Vancouver ។ ប្រទេសទាំងពីរបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់មួយចំនួន។

ប្រទេសឥណ្ឌាដែលបានហៅការចោទប្រកាន់នេះថា «គួរឱ្យអស់សំណើច» ក៏បានបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋកាណាដា និងបានស្នើឱ្យកាណាដាកាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួនផងដែរ។

រហូតមកទល់ពេលនេះ ប្រទេសកាណាដាមិនទាន់ផ្តល់ភស្តុតាងសាធារណៈ ដើម្បីគាំទ្រការអះអាងរបស់លោក Trudeau នៅឡើយទេ៕

រូបភាពពី AP