(វ៉ាស៉ីនតោន)៖ សេតវិមានបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកខកចិត្ត ដែលនាយករដ្ឋមន្រ្តីនៃប្រទេសកោះសូឡូម៉ុន (Solomon Islands) បានសម្រេចចិត្តនឹងមិនចូលរួម កិច្ចប្រជុំកំពូលក្រុមប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិក ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលគ្រោងរៀបចំឡើងនាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ លោកប្រធានាធិបតីអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២ ជាមួយក្រុមមេដឹកនាំនៃប្រទេសដែនកោះប៉ាស៉ីហ្វិក នៅឯសេតវិមាន ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ដើម្បីបង្កើនការចូលរួមពាក់ព័ន្ធនៅក្នុងតំបន់នេះ ដែលបច្ចុប្បន្នបានក្លាយជាតំបន់ភូមិសាស្រ្តនយោបាយដ៏សំខាន់មួយ ដែលទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាម​ប្រជែងដណ្តើមឥទ្ធិពលគ្នាជាមួយចិន។ កិច្ចប្រជុំកំពូលរវាងអាមេរិក ជាមួយដែនកោះប៉ាស៉ីហ្វិកចំនួន១៨ប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅទីក្រុងវ៉ាស៉ីនតោន។

មន្រ្តីសេតវិមានបាននិយាយដូច្នេះថា «ពួកយើងមានការខកចិត្ត ដែលនាយករដ្ឋមន្រ្តីលោកសូឡូម៉ុន លោក ម៉ាណាសសេ សូហ្កាវ៉ារេ (Manasseh Sogavare) មិនមានផែនការមកចូលរួមកិច្ចប្រជុំកំពូល»។ បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC រដ្ឋមន្រ្តីការបរទេសសូឡូម៉ុននឹងមកចូលរួមកិច្ចប្រជុំជំនួសវិញ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីប្រទេសដែនកោះវ៉ានូទូ ក៏នឹងមិនបានមក​ចូលរួម កិច្ចប្រជុំកំពូលនៅសេតវិមានដែរ ដោយសារតែសមាជិកសភាទាំងអស់នៃរដ្ឋាភិបាលវ៉ានូទូ ត្រូវមានវត្តមាននៅសភាប្រទេសរបស់ខ្លួននាថ្ងៃចន្ទ សម្រាប់ការបោះឆ្នោតលើសេចក្តីទុកចិត្ត។

គួរបញ្ជាក់ថា ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ​ ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Sogavare បានលើក​សរសើអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសចិន ថាមានលក្ខណៈមិនសូវរឹតត្បិត មានការឆ្លើយតបល្អ និងស្របតាមតម្រូវការជាតិនៃប្រទេសរបស់លោក ហើយរូប​លោកបានបន្តថា​ ទីក្រុងប៉េកាំងគឺជាដៃគូហេដ្ឋារចនាសម្ព័ន្ធនាំមុខគេរបស់សូឡូម៉ុន។ បើតាម Sogavare លោកបានឈានដល់ការឯកភាពគ្នាជាមួយ ​ប្រធានាធីបតីចិន លោក ស៉ី ជីនពីង អំលុងដំណើរទស្សនកិច្ចកាលពីខែកក្កដា ដើម្បីធ្វើឱ្យសូឡូម៉ុនសម្រេចបានការអភិវឌ្ឍ តាមរយៈ​គោលនយោបាយចិន រួមមានទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ព្រមទាំងកិច្ចផ្តួចផ្តើមសន្តិសុខសកល៕

រូបភាពពី UN