(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មនុស្សរាប់ម៉ឺននាក់បាននាំគ្នាចេញដើរដង្ហែក្បួនធ្វើបាតុកម្មនៅពាសពេញប្រទេសបារាំង ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងអំពើហិង្សាដោយប៉ូលិស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ខាងសហជីពបានអះអាងថា មនុស្សសរុបរហូតដល់ប្រមាណ៨០,០០០នាក់ បានចូលរួមក្នុងសកម្មភាពបាតុកម្មនៅទូទាំងប្រទេសបារាំង ក្នុងនោះរួមមាន ១៥,០០០នាក់នៅរដ្ឋធានីប៉ារីស ខណៈខាងក្រសួងមហាផ្ទៃបារាំង បាននិយាយថា តួលេខសរុបនៃអ្នកចូលរួមធ្វើបាតុកម្មគឺ៣១,៣០០នាក់ នៅទូទាំងប្រទេស ក្នុងនោះ៩,០០០នាក់ នៅទីក្រុងប៉ារីស។ អំលុងពេលបាតុកម្ម ក៏មានការប៉ះទង្គិចគ្នានិងអំពើហិង្សាកើតមានផងដែរ នៅទីក្រុងប៉ារីស ដោយមន្រ្តីប៉ូលិសប៉ុន្មានរូបបានរងរបួស ហើយទ្រព្យសម្បត្តិសាធារណៈមួយចំនួន រងការបំផ្លិចបំផ្លាញ។ បើតាមអាជ្ញាធរបារាំង មនុស្សសរុប៦នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស អំលុងបាតុកម្ម។
គួរបញ្ជាក់ថា សកម្មភាពតវ៉ាខាងលើកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីអធិការដ្ឋានដែលទទួលបន្ទុកការស៉ើបអង្កេតកំហុសរបស់ប៉ូលិសបារាំង បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការប្រើប្រាស់កម្លាំងបាយដោយក្រុមមន្រ្តីប៉ូលិស។ របាយការណ៍នោះបានបង្ហាញថា កាលពីក្នុងឆ្នាំ២០២២ មនុស្សសរុប៣៨នាក់បានស្លាប់ ដោយសារតែសកម្មភាពប៉ូលិស ក្នុងនោះ២២នាក់ ត្រូវបានបាញ់សម្លាប់។ កាលពី៣ខែកន្លងទៅនេះ ករណីប៉ូលិសបារាំងបាញ់សម្លាប់យុវជនម្នាក់ អំលុងពេលត្រួតពិនិត្យច្បាប់ចរាចរណ៍ ក៏បានបង្កឱ្យផ្ទុះជាកុបកម្មយ៉ាងកក្រើកអស់រយៈពេលប៉ុន្មានថ្ងៃ នៅឯទីក្រុងប៉ារីសនិងទីក្រុងដទៃទៀតផងដែរ៕
រូបភាពពី AFP រូបភាពពី AFP