(ស្តុកខុល)៖ ប៉ូលិសបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ផ្លូវហាយវ៉េ (Highway) នៅឯភាគនិរតីនៃប្រទេសស៊ុយអែត បានបាក់ស្រុតដោយសារបំណាក់ដីបណ្តាលឲ្យមនុស្ស ៣រងរបួសស្រាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

ផ្លូវវេហាយវ៉េនេះតភ្ជាប់រវាងទីក្រុងធំទីពីររបស់ស៊ុយអែត គឺហ្គោធិនបឺគ (Gothenburg) និងរដ្ឋធានីអូស្លូ (Oslo) របស់ប្រទេសន័រវេស ហើយចំណុចរងគ្រោះស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រភាគខាងជើងទីក្រុង Gothenburg លើឆ្នេរខាងលិចរបស់ស៊ុយអែត។

ភ្នាក់ងារជួយសង្គ្រោះក្នុងទីក្រុង Gothenburg បាននិយាយថា ការបាក់ស្រុតនោះប៉ះពាល់ដល់យានជំនិះប្រហែល ១០គ្រឿង ទីតាំងស្តុកឈើ កន្លែងអាជីវកម្មដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងភោជនីយដ្ឋាន។ រថយន្ត​ជា​ច្រើន​គ្រឿង និង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ​បាន​ធ្លាក់​ចូល​ក្នុងប្រហោង​ដីដែលប្រេះ។

គួរបញ្ជាក់ថា បុគ្គលិកសង្រ្គោះដែលបានទទួលការបណ្តុះបណ្តាលពិសេស និងសត្វសុនខ កំពុងស្វែងរកមនុស្សក្នុងតំបន់រងគ្រោះ ខណៈការបាក់ដីបន្ថែមទៀតនៅមិនទាន់អាចកំណត់បាននោះទេ៕

រូបភាពពី AP