(កៀវ)៖ អ៊ុយក្រែន បានដឹកនាំការវាយប្រហារលើទីស្នាក់ការកណ្ដាលនៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ ដោយប្រើមីស៊ីលមួយគ្រាប់ ដែលបង្កឱ្យមានអគ្គិភ័យ និងទាហានរុស្ស៉ីម្នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី កាលពីដំបូងឡើយបានអះអាងថាទាហានម្នាក់បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ប៉ុន្តែ ក្រោយមកបានចេញសេចក្ដីថ្លែងការណ៍ថាទាហានរូបនោះបានបាត់ខ្លួន បន្ទាប់ពីមានការវាយប្រហារលើទីក្រុងកំពង់ផែ សេវ៉ាស្ដូប៉ូល (Sevastopol)។ ចំណែក ខាងយោធាអ៊ុយក្រែន​ក៏បានចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះដែរ ជាមួយការព្រមានថានឹងមាន ការវាយប្រហារបន្ថែមទៀត។

គួរបញ្ជាក់ថា តំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ បាន និងកំពុងក្លាយជាគោលដៅវាយប្រហារពីសំណាក់ កងកម្លាំងអ៊ុយក្រែន កាន់តែញឹកញាប់ឡើង ចាប់តាំងពីលោកប្រធានាធិបតី ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

រូបភាពពី AP