(បាងកក)៖ គណបក្សកាន់អំណាចនៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បាននិយាយថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែល​កំពុងមានទោសជាប់ពន្ធនាគារ គឺអាចកាន់តួនាទីជាទីប្រឹក្សាមួយរូបរបស់រដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃថ្មី លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) នៃគណបក្សភឿថៃ (Pheu Thai) ដែលកំពុងតែដឹកនាំ​រដ្ឋាភិបាលចម្រុះថៃ និងត្រូវបានជ្រោមជ្រែងដោយលោក ថាក់ស៉ីន ក៏បានលើកឡើងនៅក្នុងសប្តាហ៍នេះផងដែរថា លោកអតីតនាយករដ្ឋមន្រ្តីថៃ អាចនៅមានឱកាសបម្រើប្រទេសរបស់លោកបាន។ ដោយឡែក ឧបនាយករដ្ឋមន្រ្តីថៃ លោក ភូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) ដែលជាអនុប្រធានគណបក្សភឿថៃ បាននិយាយនៅថ្ងៃសុក្រនេះថា រូបលោកគាំទ្រចំពោះគំនិតឱ្យលោក ថាក់ស៉ីន ធ្វើជាទីប្រឹក្សារដ្ឋាភិបាល។ បើតាមប្រភពមួយផ្សេងទៀតនៃ​បក្សភឿថា បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយភឿថៃ គ្រោងនឹងពិគ្រោះយោបល់ជាមួយលោក ថាក់ស៉ីន ផ្ទាល់ នៅពេលរូបលោកត្រូវបានដោះលែងពីពន្ធនាគារ។

លោក ថាក់ស៉ីន ដែលមានវ័យ៧៤ឆ្នាំ ត្រូវបានទម្លាក់ពីអំណាច ក្នុងការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ ខណៈរូបលោក ទើបតែ​ត្រឡប់មកប្រទេសថៃវិញកាលពីខែសីហា ក្រោយរស់នៅនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកត្រូវបានតុលាការផ្ទន្ទាទោស​ដាក់ពន្ធនាគារភ្លាមៗ ពីបទពុករលួយនិងរំលោភអំណាច កាលពីពេលលោក នៅកាន់តំណែងជានាយករដ្ឋមន្រ្តី។ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការផ្តន្ទាទោស លោក ថាក់ស៉ីន ត្រូវបានផ្ទេរទៅកាន់បន្ទប់ឯកជនមួយ នៅមន្ទីរពេទ្យប៉ូលិស ដោយសារបញ្ហាសុខភាព ហើយបើតាមកូនស្រីលោក រូបលោកទើបតែបានឆ្លងកាត់ការវះកាត់ កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ដំបូងឡើយ លោក ថាក់ស៉ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានព្រះមហាក្សត្រថៃ ព្រះរាជទានបន្ធូរបន្ថយទោស មកនៅត្រឹមតែ១ឆ្នាំ។ នាពេលថ្មីៗនេះ ប្រភពពីក្រសួងយុត្តិធម៌ថៃ ក៏បានបង្ហើបឱ្យដឹងផងដែរថា លោក ថាក់ស៉ីន នឹងមានសិទ្ធិអាចស្នើសុំដោះលែងឱ្យនៅក្រៅឃុំ នៅខែកុម្ភៈ ឆ្នាំក្រោយ៕

រូបភាពពី AP