(យូអិន)៖ ប្រទេសចិនបានគូសបញ្ជាក់គោលជំហររបស់ខ្លួនសាជាថ្មីថា បទឈប់បាញ់និងកិច្ចចរចាសន្តិភាព គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងក្រោយការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងនៅមហាសន្និបាតប្រចាំឆ្នាំនៃអង្គការសហប្រជាជាតិ អនុប្រធានាធិបតីចិន លោក ហាន ចេង (Han Zheng) បានលើកឡើងដូច្នេះថា «ការបញ្ឈប់អរិភាពនិងការបន្តឡើងវិញ នូវកិច្ចពិភាក្សាដើម្បីស្វែងរកសន្តិភាពជាមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយវិបត្តិសង្រ្គាម​នៅអ៊ុយក្រែនបាន»។ លោក ហាន បានបន្តថា ប្រទេសចិនដែលស្ថិតក្នុងចំណោម សមាជិកអចិន្រ្តៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN មានបំណងបន្តដើរតួនាទីស្ថាបនា ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកទីបញ្ចប់សម្រាប់វិបត្តិអ៊ុយក្រែន។

គួរបញ្ជាក់ថា អំលុងការធ្វើទស្សនកិច្ចក្នុងសប្តាហ៍នេះនៅទីក្រុងមូស្គូ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សៃហ្គៃ ឡាវរ៉ូវ ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់គោលជំហរមួយ ដែលឯករាជ្យនិងមិនលម្អៀងជុំវិញបញ្ហាអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាម​ផ្ទុះឡើងមក ចិនបានព្យាយាមដើរតួនាទីជា អ្នកជួយស្វែងរកសន្តិភាព និងជាមជ្ឈត្តករអព្យាក្រឹតមួយក្នុងជម្លោះនេះ ប៉ុន្តែទន្ទឹមគ្នាទីក្រុងប៉េកាំង មិនបានចូលរួម​ថ្កោលទោសលើ ការឈ្លានពានរបស់រុស្ស៉ីឡើយ ហើយបានបង្កើនចំណងទាក់ទងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី។ កាលពីខែមីនា ឆ្នាំនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើដំណើរ​ទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ជាទីដែលលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយនិយាយថា កិច្ចសហប្រតិបត្តិការវាង​ប្រទេសទាំងពីរ បានឈានចូលដល់ទំព័រសករាជថ្មីមួយ៕

រូបភាពពី Xinhua