(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន១១៦លានដុល្លារ សម្រាប់មីយ៉ាន់ម៉ា បង់ក្លាដែស និងតំបន់នៅជុំវិញនោះ ដើម្បីគាំទ្រដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន បាននិយាយថា ជាមួយការផ្តល់មូលនិធិមនុស្សធម៌ថ្មីខាងលើនេះ ជំនួយសរុបរបស់សហរដ្ឋអាមេរិក សម្រាប់ប្រជាជនដែលរងការប៉ះពាល់ ដោយសារវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស ព្រមទាំងតំបន់ជុំវិញនោះ គឺមានចំនួនជាង២.២ពាន់លានដុល្លារហើយ គិតចាប់តាំងពីខែសីហា ឆ្នាំ២០១៧មក នៅពេលដែលជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ាប្រហែលជាង ៧៤០,០០០នាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស ដើម្បីរត់គេចពីអំពើហិង្សាទ្រង់ទ្រាយធំ ដែលបានផ្ទុះប្រឆាំងលើពួកគេនៅមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា យោងតាមការិយាល័យទទួលបន្ទុកបញ្ហាជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ មានជនជាតិរ៉ូហ៉ីងយ៉ាសរុបលើស ១លាននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ហើយក្នុងចំណោមពួកគេទាំងនោះ ប្រហែលជាង ៩៦០,០០០នាក់ កំពុងជ្រកកោននៅឯប្រទេសបង់ក្លាដែស៕
រូបភាពពី AP
រូបភាពពី AFP