(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmoud Abbas) បាននិយាយប្រាប់​មហាសន្និបាតអង្គការសហប្រជាជាតិថា សន្តិភាពនៅតំបន់មជ្ឈិមបូព៌ានឹងមិនអាចសម្រេចបានឡើយ រហូតទាល់តែប្រជាជនប៉ាឡេស្ទីន​ទទួលបានសិទ្ធិពេញលេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោក អាប់បាស់ បាននិយាយយ៉ាងដូច្នេះថា «អ្នកទាំងឡាយដែលយល់ថាសន្តិភាពនៅមជ្ឈិមបូព៌ាអាចទៅរួច មុនពេលប្រជាជនយើង ទទួលបានការផ្តល់សិទ្ធិពេញលេញនោះ គឺហាក់ដូចជាស្រមើស្រមៃខ្លាំងពេកហើយ»។ លោកប្រធានាធិបតីប៉ាឡេស្ទីន បានលើកឡើងបែបនេះ ស្របពេលដែលសហរដ្ឋអាមេរិក ទំនងកំពុងតែសម្រេចបានភាពរីកចម្រើន ក្នុងកិច្ចប្រឹងប្រែងជួយសម្របសម្រួល កិច្ចព្រមព្រៀងស្តារទំនាក់ទំនង​រវាងអ៉ីស្រាអែលនិងអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ការស្តារទំនាក់ទំនងរវាងអ៉ីស្រាអែលនិងអារ៉ាប៊ីសាអូឌីត នឹងកែប្រែជាខ្លាំងនូវស្ថានការណ៍ភូមិសាស្រ្តនយោបាយមជ្ឈិមបូព៌ា តាមរយៈការត្រូវរ៉ូវគ្នាជាផ្លូវការ រវាងដៃគូដ៏សំខាន់២របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដែលធ្លាប់ជាគូសត្រូវយូរអង្វែងនឹងគ្នា។ ទន្ទឹមគ្នានេះ លោក អាប់បាស់ ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ រៀបចំឱ្យមានសន្និសីទអន្តរជាតិមួយ ដើម្បីព្យាយាមស្តារឡើងវិញនូវកិច្ចចរចា​សន្តិភាពអ៉ីស្រាអែល-ប៉ាឡេស្ទីន ដែលបានដួលរលំកាលពីឆ្នាំ២០១៤ ផងដែរ៕

រូបភាពពី AFP