(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានសម្រេចចិត្តមិនចូលរួម កិច្ចប្រជុំកំពូលអន្តរជាតិមួយ ក្នុងទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ (San Francisco) នាខែវិច្ឆិកា ជាទីដែលលោកគ្រោងជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដោយលើកឡើងថានឹងមានជំនួប នៅពេលក្រោយទៀតនៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែដដែលនោះ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា លោកជ្រើសយកជំនួបនៅទីក្រុងវ៉ាស៉ីនតោន ជាជាងទៅចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ីប៉ាស៉ីហ្វិក (APEC) ដោយសារតែជម្លោះការទូតជាមួយប្រទេសប៉េរូ។ លោកបន្ថែមថាមិនចង់ទៅចូលរួមកិច្ចប្រជុំ APEC​ ដោយសារតែប៉េរូ នឹងទទួល តំណែងជាប្រធានប្ដូរវេន APEC ក្នុងកិច្ចប្រជុំនៅឯទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ឡូប៉េស អូប្រាឌ័រ បានបញ្ជាក់ថា «ខ្ញុំនឹងមិនចូលរួមវេទិកាសេដ្ឋកិច្ចនៅ San Francisco នោះទេ ពីព្រោះយើងគ្មានទំនាក់ទំនងអ្វីជាមួយប៉េរូ»។

គួរបញ្ជាក់ថា កាលពីខែសីហា លោក ឡូប៉េស អូប្រាឌ័រ បានលើកឡើងពីបំណងចូលរួមវេទិកា APEC ហើយនឹងជួបពិភាក្សាគ្នាជាមួយលោក បៃដិន នៅទីនោះ។ នៅពេលនិយាយពីលទ្ធភាពដែលម៉ិកស៉ិកលុបចោលការចូលរួមវេទិកានោះ ទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ បានបដិសេធធ្វើការអត្ថាធិប្បាយបន្ថែម ដោយគ្រាន់តែនិយាយថានឹងសួរបញ្ជាក់ទៅកាន់ពួកគេ។ ភាពតានតឹងរវាងម៉ិកស៉ិក និងប៉េរូ ផ្ទុះឡើងបន្ទាប់ពីអតីតប្រធានាធិបតីប៉េរូ លោក ប៉េត្រូ កាស្ទីយ៉ូ (Pedro Castillo) ដែលត្រូវបានបណ្ដេញចេញពីតំណែង និងត្រូវចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២២ សម្រាប់ការប៉ុនប៉ងរំលាយសភា។

លោក ឡូប៉េស អូប្រាឌ័រ គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កាស្ទីយ៉ូ ហើយបានបដិសេធទទួលស្គាល់លោកស្រី ឌីណា ប៊ូឡូអាត (Dina Boluarte) ជាប្រធានាធិបតីថ្មីរបស់ប៉េរូ ជាហេតុធ្វើឱ្យរដ្ឋាភិបាលលោកស្រីប្រធានាធិបតីរូបនេះបណ្ដេញឯកអគ្គរដ្ឋទូតម៉ិកស៉ិកចេញពីប្រទេស និងកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនមកស្រុកវិញ៕

រូបភាពពី AFP