(វ៉ាស៊ីនតោន)៖ ចៅក្រមម្នាក់នៃតុលាការយោធា នៅឯពន្ធនាគារអាមេរិក ហ្គង់តាណាម៉ូ (Guantanamo) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្រេចថាអ្នកទោសជាជនជាតិយេម៉ែនម្នាក់ ដែលរងការធ្វើទារុណកម្មពី CIA គឺមិនស័ក្តិសមឡើងសវនាការនៅក្នុងសំណុំរឿងកាត់ទោសប្រហារជីវិតបាននោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកទោសឈ្មោះ រុំាហ្ស៉ី ប៊ីន អាល់ស៊ីប (Ramzi bin al-Shibh) មានអាយុ៥១ឆ្នាំ ដំបូងឡើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងសវនាការ ជាមួយអ្នកទោស ៤នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក ដោយក្រុមអាល់កៃដា ដែលផ្ដាច់ជីវិតមនុស្សជិត ៣,០០០នាក់។
ប៉ុន្តែ វរសេនីយ៍ឯក លោក Matthew McCall ជាចៅក្រមយោធាម្នាក់ បាននិយាយថាអ្នកទោសឈ្មោះ ប៊ីន អាល់ស៊ីប មានបញ្ហាវិបល្លាស ខណៈក្រុមវេជ្ជបណ្ឌិតនៅឯពន្ធនាគារហ្គង់តាណាម៉ូ ក៏បានរកឃើញដែរថាជននេះពិតជាកើតវិបល្លាសធ្ងន់ធ្ងរ ដែលមិនអាចឱ្យរូបគេឡើងសវនាការ បាននោះទេ។ ក្រុមមេធាវីការពារក្ដីរបស់អ្នកទោសឈ្មោះ ប៊ីន អាល់ស៊ីប បានប្រាប់កាសែតអាមេរិក New York Times ថាកូនក្ដីរបស់ខ្លួន មាន វិបល្លាស ដោយសារតែបានទទួលរងការធ្វើទារុណកម្មដោយ CIA នៅក្នុងបច្ចេកទេសសួរចម្លើយដែលរួមមានទាំងការធ្វើទារុណកម្មមិនឱ្យដេក ជ្រមុជទឹក និងវាយដុំជាដើម។
គួរបញ្ជាក់ថា អ្នកទោស រុំាហ្ស៉ី ប៊ីន អាល់ស៊ីប ដំបូងឡើយត្រូវបានគេរំពឹងថានឹងត្រូវឡើងសវនាការនៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយអ្នកទោស ៤នាក់ផ្សេងទៀតដែលត្រូវបានគេជឿជាក់ថាមានមេគំនិតនៅពីក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ យ៉ាងណាក៏ដោយបើតាម New York Times សវនាការលើអ្នកទោស ៤នាក់នឹងធ្វើឡើងតាមការគ្រោងទុក។
ប៊ីន អាល់ស៊ីប ត្រូវបានចោទប្រកាន់ថាបានជួយរៀបចំបណ្ដាញក្រុមអាល់កៃក្នុងទីក្រុងហាំបឺគ (Hamburg) ប្រទេសអាល្លឺម៉ង់ ហើយដែល ក្រុមនេះជាអ្នកប្លន់យន្ដហោះមួយក្នុងចំណោម ២គ្រឿង បើកបំបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក៕
រូបភាពពី AFP