(ញូវដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានផ្អាកសេវាកម្មទិដ្ឋាការនៅក្នុងប្រទេសកាណាដា ដោយបង្កើនភាពតានតឹងផ្នែកការទូតរបស់ខ្លួនជាមួយទីក្រុងអូតាវ៉ា ជុំវិញការសម្លាប់មេដឹកនាំស៊ីកកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ទីភ្នាក់ងារឥណ្ឌា BLS ដែលផ្តល់សេវាកម្មសុំទិដ្ឋាការសម្រាប់ជនជាតិកាណាដា បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «ដោយសារតែហេតុផលប្រតិបត្តិការ ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះសេវាកម្មទិដ្ឋាការឥណ្ឌា នឹងត្រូវបានផ្អាកបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី»។
ការផ្អាកនេះបានធ្វើឡើង បន្ទាប់ពីទីប្រឹក្សារបស់រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃពុធ បានព្រមានពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសកាណាដា កុំឱ្យធ្វើដំណើរទៅកាន់តំបន់ដែលងាយនឹងធ្វើសកម្មភាពប្រឆាំងនឹងឥណ្ឌា។
កាលពីថ្ងៃចន្ទ ប្រទេសកាណាដាបានបណ្ដេញអ្នកការទូតកំពូលឥណ្ឌាម្នាក់ ពីបទជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេដឹកនាំសាសនាស៊ីគ (Sikh) ដែលជនជាតិភាគតិចកាណាដា លោក Hardeep Singh Nijjar។ ប្រទេសឥណ្ឌាបានប្រតិកម្មតបវិញ ដោយការបណ្តេញអ្នកការទូតជាន់ខ្ពស់កាណាដាម្នាក់កាលពីថ្ងៃអង្គារ ដោយលើកឡើងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលឥណ្ឌាចំពោះការជ្រៀតជ្រែករបស់អ្នកការទូតកាណាដា នៅក្នុងបញ្ហាផ្ទៃក្នុងរបស់ឥណ្ឌា និងការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងសកម្មភាពប្រឆាំងឥណ្ឌា។
រហូតមកដល់ពេលនេះ គ្មានសម្ព័ន្ធមិត្តស្និទ្ធស្នាលរបស់កាណាដាណាម្នាក់បានរិះគន់រដ្ឋាភិបាលឥណ្ឌាជាសាធារណៈ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រាប់សភាកាលពីថ្ងៃចន្ទថា ភ្នាក់ងារសន្តិសុខជាតិកំពុងស៊ើបអង្កេត «ការចោទប្រកាន់ដ៏គួរឱ្យទុកចិត្ត» ដែលថា «ភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា» អាចជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេសាសនាស៉ីគ (Sikh) នៅខេត្ត British Columbia ប្រទេសកាណាដា កាលពីខែមិថុនា កន្លងទៅ៕