(ឌូបៃ)៖ នាយករដ្ឋមន្ត្រីនិងជារជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) បានឲ្យដឹងថា ទីក្រុងរីយាដនឹងទទួលបានអាវុធនុយក្លេអ៊ែរដែរ ប្រសិនបើអ៉ីរ៉ង់ផលិតបាននូវអាវុធប្រភេទនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។
នៅពេលត្រូវបានសួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបាន? ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន់ បានប្រាប់បទសម្ភាសរបស់ទូរទស្សន៍អាមេរិកថា «ប្រសិនបើពួកគេ (អ៉ីរ៉ង់) ផលិតបានមួយយើងនឹងទទួលបានមួយដែរ សម្រាប់ហេតុផលសុវត្ថិភាព និងតុល្យភាពនៃអំណាចនៅមជ្ឈិមបូព៌ា។ ប៉ុន្តែយើងមិនចង់ឃើញបែបនោះទេ»។ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន់ ក៏បានសង្កត់ធ្ងន់ពីទស្សនអវិជ្ជមានរបស់ព្រះអង្គ ចំពោះបំណងប្រាថ្នារបស់ប្រទេសមួយចំនួន ដែលចង់បានអាវុធនុយក្លេអ៊ែរថា «វាជាទង្វើអាក្រក់ស្មើនឹងការបំផ្លាញពិភពលោក»។
គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ ទើបនឹងស្តារទំនាក់ទំនងការទូតកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ហើយព្រមព្រៀងបើកស្ថានទូតឡើងវិញក្នុងរយៈពេល ២ខែ។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនកម្តៅខ្លាំងនៅឆ្នាំ២០១៥ ជុំវិញប្រតិបត្តិការយោធាចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ិសាអូឌីតនៅប្រទេសយេម៉ែន ដើម្បីប្រឆាំងនឹងក្រុមហ៊ូធី (Houthi)។ រីឯក្រោយការវាយប្រហារលើ ស្ថានទូតនិងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅអ៉ីរ៉ង់ កាលពីឆ្នាំ២០១៦ ដែលធ្វើឡើងបន្ទាប់ពីទីក្រុងរីយ៉ាដប្រហារជីវិតបុព្វជិតអ៉ីស្លាមស៉ីអ៉ីតម្នាក់ ព្រះរាជាណាចក្រអារ៉ាប់មួយនេះ ក៏បានផ្តាច់ទំនាក់ទំនងការទូតតែម្តងជាមួយអ៉ីរ៉ង់៕