(យូអិន)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រសិនបើរុស្ស៉ីលូកដៃជួយ កូរ៉េខាងជើងអភិវឌ្ឍកម្មវិធីអាវុធ ជាថ្នូរនឹងការទទួលបានជំនួយសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន នោះវានឹងក្លាយជា «ការបង្កហេតុដោយផ្ទាល់» ហើយ ទីក្រុងសេអ៊ូល ក៏ដូចជាសម្ព័ន្ធមិត្តនឹងមិនឈរឱបដៃមើលឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) លោក យូន ថាសេណារីយ៉ូបែបនេះនឹងគំរាមកំហែងដល់សន្តិភាព សន្តិសុខ ដែលមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកូរ៉េខាងត្បូងទៀតផង។ បើតាមលោក យូន កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើង ក៏ជាការប្រឈមដ៏ធ្ងន់ធ្ងរ ចំពោះសន្តិភាពក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក និងនៅទូទាំងពិភពលោកផងដែរ។

លោក យូន បានគូសបញ្ជាក់ថា «វាមិនសមទាល់តែសោះ ដែលសមាជិកអចិន្ត្រៃយ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN មានភារកិច្ចការពារសន្តិភាព ពិភពលោក បែរជាធ្វើសង្រ្គាមឈ្លានពានលើប្រទេសអធិបតេយ្យមួយផ្សេងទៀត និងអាចទទួលបានអាវុធ គ្រាប់រំសេវ ពីរបបដឹកនាំមួយដែលបំពាន នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក យូន ធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន រយៈពេល ១សប្តាហ៍ នៅរុស្ស៉ី ហើយបានប្តេជ្ញារួមគ្នាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើការជំរុញកិច្ចសហប្រតិបត្តិការយោធា។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភថា រុស្ស៉ីអាចកំពុងព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យា សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីល៕