(ញូវយ៉ក)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រៃស៊ី (Ebrahim Raisi) នៅថ្ងៃពុធសប្ដាហ៍នេះបានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថាកំពុងក្បត់ប្រជាជន ប៉ាឡេស្ទីន តាមរយៈការព្យាយាមភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងនៅឯសន្និសីទសារព័ត៌មាន នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក រ៉ៃស៊ី បានកត់សម្គាល់ដូច្នេះថា «ការចាប់ផ្ដើម នៃទំនាក់ទំនងមួយរវាងរបប Zionist និងប្រទេសណាមួយនៅក្នុងតំបន់ ដែលប្រសិនបើមានគោលបំណងនាំយកសន្តិសុខសម្រាប់របប Zionist ពិតប្រាកដ ណាស់ជារឿងដែលមិនត្រូវធ្វើ។ យើងជឿថាទំនាក់ទំនងមួយរវាងបណ្ដាប្រទេសក្នុងតំបន់ និងរបប Zionist គឺជាទង្វើលួចចាក់ប្រជាជនប៉ាឡេស្ទីនពីក្រោយខ្នង និងការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា ប្រតិ​កម្មរបស់ប្រធានាធិបតីអ៉ីរ៉ង់ កើតមានឡើង បន្ទាប់ពីព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បាននិយាយថា ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាប្រវត្តិសាស្ត្រជាមួយអ៉ីស្រាអែល កាន់តែជិតមកដល់ ជាមួយការព្រមានដែរថា អារ៉ាប៊ីសាអូឌីតអាចនឹងស្វែងរកអាវុធនុយក្លេអ៊ែរ ប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ៕