(ញូវយ៉ក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «អំណាចវេតូ» របស់រុស្ស៉ី បាន ប្រែក្លាយស្ថាប័នពិភពលោកមួយនេះ (UN) ទៅជាគ្មានបានការ ហើយថារុស្ស៉ីគួរតែត្រូវបណ្ដេញចេញពីសមាជិកអចិន្ត្រៃយ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងអំឡុងមានវត្តមានដោយផ្ទាល់ជាលើកដំបូង នៅឯកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីការឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។ បើតាមលោក ហ្សេលេនស្គី រុស្ស៉ីគួរតែត្រូវបានបណ្ដេញ ចេញពីសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម៥ នៃក្រុមប្រឹក្សាសន្តិសុខ ជាការដាក់ទណ្ឌកម្មសម្រាប់ការឈ្លានពានអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «គ្រប់គ្នានៅលើពិភពលោក អាចនឹងមើលឃើញពីអ្វីដែលធ្វើឱ្យ UN ក្លាយជាទៅគ្មានបានការ... ការវេតូនៅក្នុងដៃជនឈ្លានពាន កំពុងធ្វើឱ្យ UN ធ្លាក់ចូលក្នុងស្ថានភាពទាល់ច្រក ហើយមិនថាអ្នកជានរណានោះទេ ប្រព័ន្ធ UN សព្វថ្ងៃនៅតែធ្វើឱ្យអ្នកមិន មានតម្លៃស្មើនឹងអំណាចវេតូរបស់ប្រទេស២ ឬ៣ ដោយអំណាចវេតូរបស់រុស្ស៉ីនឹងបំផ្លាញដល់យើងគ្រប់គ្នាដែលជាសមាជិក UN ដទៃ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់អង្គការសហប្រជាជាតិ ធ្វើឡើងចំពេលដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់ទាហាន អ៊ុយក្រែន ដើម្បីបណ្ដេញកងកម្លាំងរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ហ្សេលេនស្គី នឹងត្រូវធ្វើដំណើរទៅកាន់សេតវិមាន ដើម្បីជួបលោកប្រធានាធិបតីចូ បៃដិន ខណៈមានការរំពឹងពីការប្រកាសផ្ដល់ជំនួយយោធាបន្ថែម៕