(​ញូវយ៉ក)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បាននិយាយថា ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាប្រវត្តិសាស្ត្រជាមួយអ៉ីស្រាអែល កាន់តែជិតមកដល់ ហើយក៏បានព្រមានដែរថាអារ៉ាប៊ីសាអូឌីតអាចនឹងស្វែងរកអាវុធ នុយក្លេអ៊ែរ ប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ជាមួយការច្រានចោលព័ត៌មានដែរថា អារ៉ាប៊ីសាអូឌីត បានផ្អាកកិច្ចចរចាជាមួយអ៉ីស្រាអែល ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក។ ព្រះអង្គម្ចាស់រជ្ជទាយាទបានគូសបញ្ជាក់ដូច្នេះថា «យើងកាន់តែខិតជិតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ»។ ប៉ុន្តែ ព្រះអង្គបានសង្កត់ធ្ងន់ថាអារ៉ាប៊ីសាអូឌីតចង់ឃើញភាពរីកចម្រើនបន្ថែមចំពោះការធានាសិទ្ធិ សេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន ខណៈរដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu កំពុងបន្តសង់ លំនៅដ្ឋានខុសច្បាប់នៅក្នុងតំបន់ West Bank។

«សម្រាប់យើង បញ្ហាប៉ាឡេស្ទីន គឺជារឿងសំខាន់បំផុត។ យើងត្រូវការដោះស្រាយបញ្ហានេះឱ្យបាន។ យើងត្រូវធ្វើឱ្យជីវភាពរបស់ប្រជាជនប៉ាឡេស្ទីន មានភាពល្អប្រសើរ»។ នេះជាការបន្ថែមរបស់ព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាន។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន អ៉ីស្រាអែល បានភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយប្រទេសអារ៉ាប់ចំនួន៥ ប៉ុន្តែការភ្ជាប់ទំនាក់ទំនងជាមួយ អារ៉ាប៊ីសាអូឌីត គឺជាគោលដៅធំបំផុតរបស់អ៉ីស្រាអែល ដ្បិតអារ៉ាប៊ីសាអូឌីតត្រូវបានគេចាត់ទុកថាជាមេដឹកនាំអ៉ីស្លាមនៅលើពិភពលោក៕