(វ៉ាសូវី)៖ ប៉ូឡូញ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាខ្លួននឹងលែងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនតទៅទៀតឡើយ ដ្បិតត្រូវផ្តោតលើវិស័យការពារជាតិ របស់ខ្លួនឯង ខណៈសម្ព័ន្ធមិត្តទាំង២កំពុងមានជម្លោះនឹងគ្នា ចំពេលដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់ទីក្រុងកៀវប្រឆាំងនឹងរុស្ស៉ី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងទំនាស់កាន់តែក្ដៅជុំវិញការនាំចូលធញ្ញជាតិពីអ៊ុយក្រែន ប៉ូឡូញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ដើម្បីសម្ដែងការតវ៉ាចំពោះ ការលើកឡើងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថាមានប្រទេសមួយចំនួន បានធ្វើពុតជាគាំទ្រប្រទេសរបស់លោក ខណៈអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកដណ្ដើមទឹកដី របស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ។ ការអត្ថាធិប្បាយបែបនេះធ្វើឱ្យប៉ូឡូញផ្ទុះកំហឹងជាខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីប៉ូឡូញព្រលយថា ទីក្រុងវ៉ាសូវី នឹងមិនផ្ដល់ជំនួយអាវុធឱ្យអ៊ុយក្រែនទៀតនោះទេ ជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលសួរថាតើប៉ូឡូញនឹងបន្តផ្ដល់ជំនួយ យោធាសម្រាប់ទីក្រុងកៀវតទៅទៀត បើទោះជាប្រទេសទាំង២កំពុងមានជម្លោះដែរឬក៏យ៉ាងណា?

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវ៉ិចគី (Mateusz Morawiecki) បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ទៀតនោះទេ ដោយសារតែបច្ចុប្បន្ន យើងកំពុងបំពាក់អាវុធឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម»

គួរបញ្ជាក់ថា ប៉ូឡូញគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយសម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយក៏ជាអ្នកផ្គត់ផ្គង់ អាវុធដ៏ធំមួយរបស់ទីក្រុងកៀវផងដែរ ស្របពេលអាវុធមួយភាគធំពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបត្រូវដឹកជញ្ជូនតាមប៉ូឡូញ ទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែ ប៉ូឡូញ និងអ៊ុយក្រែន បានផ្ទុះភាពតានតឹងនឹងគ្នា ដោយសារតែបម្រាមនាំចូលធញ្ញជាតិពីអ៊ុយក្រែនដោយរដ្ឋាភិបាលប៉ូឡូញ ដើម្បីការពារកសិករ នៅក្នុងស្រុក។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុប បាននិយាយថាខ្លួនបានបិទបញ្ចប់បម្រាមនាំចូលនេះ ប៉ុន្តែប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី បានប្រកាសភ្លាមៗ ថាពួកគេនឹងមិនអនុវត្តតាមឡើយ។ កន្លងមក ក្រុមមន្ត្រីជាន់ខ្ពស់ប៉ូឡូញ ក៏ធ្លាប់បានទាមទារផងដែរឱ្យអ៊ុយក្រែនបង្ហាញការដឹងគុណ៕