(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាចំណុចចាប់អារម្មណ៍ខ្លាំងមួយ របស់សកលលោកនាពេលនេះ។ សហរដ្ឋអាមេរិកនៃមហាអំណាចកំពូលលើពិភពលោក បាន ធ្វើសុន្ទរកថាមួយរយៈពេល៣០នាទី ដែលបង្ហាញនូវនយោបាយរបស់លោកចំពោះពិភពលោក ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពាវនាវពិភពលោករួមគ្នាការពារអ៊ុយក្រែនប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី។ លោកបានថ្លែងព្រមានថា គ្មានប្រទេសណាមួយអាចធានាសន្តិសុខបានទេប្រសិនបើ បណ្តោយឱ្យអ៊ុយក្រែនត្រូវគេបំបែក បាននោះ។ លោកចូបៃដិន បានព្យាយាមអំពាវនាវរកការរួមគ្នាជួយគាំទ្រអ៊ុយក្រែន ដើម្បីបណ្តេញអំពើឈ្លានពានរុស្ស៊ីដែលបានធ្វើសង្គ្រាមដែល ឈានចូលជិត ១៩ខែ ហើយៗគេនៅមិនទាន់ដឹងថាតើសង្គ្រាមនឹងអាចចប់ទៅវិញនាពេលណាមួយនោះឡើយ។

លោកចូបៃដិន បា​ន​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោកសុំកុំកាត់បន្ថយការគាំទ្រដល់អ៊ុយក្រែន និងបានលើកហេតុផលថា​រុស្ស៊ី​កំពុង​ពឹង​លើ​ប្រទេស​នានាដើម្បីអូសបន្លាយសង្គ្រាមដ៏គួរឱ្យ ធុញទ្រាន់ដែលនឹងធ្វើឱ្យមានមនុស្សស្លាប់កាន់តែបន្តថែមទៀតក្នុងទឹកដីអ៊ុយក្រែន។
លោកចូបៃដិនបានថ្លែងថា ប្រទេសរុស្ស៊ីតែម្នាក់ឯងកំពុងតែប្រឆាំងនឹងសេចក្តីសម្រេចចិត្តមួយ និងថាតម្លៃសន្តិភាពរបស់ក្រុងម៉ូស្គូចង់បាននោះ គឺការឱ្យអ៊ុយក្រែនត្រូវចុះញ៉មប្រគល់ទឹកដី និងកូនចៅរបស់អ៊ុយក្រែនជារណបរបស់រុស្ស៊ី។

លោកចូបៃដិន បាននិយាយដាក់សំណួរថា ប្រសិនបើយើងបោះបង់ចោលគោលការណ៍ ស្នូលរបស់សហរដ្ឋអាមេរិក ដើម្បីតែផ្គាប់ចិត្តអ្នកឈ្លានពាន ណាម្នាក់ តើអាចរដ្ឋជាសមាជិក ណាមួយនៅក្នុងស្ថាប័នអង្គការពិភពលោកនេះ អាចជឿជាក់ថា នឹងមានគេការពារបានទៀត ដែរឬទេ? លោកបានដាក់ជាសំណួរបន្តថា ប្រសិនណាបើអ៊ុយក្រែនត្រូវបានគេបំបែកបានហើយ, តើឯករាជ្យរបស់ប្រទេសណាមួយនឹងអាចត្រូវធានាសន្តិសុខ បានដែរឬទេ? លោកចូបៃដិន ជាមួយនឹងការដាក់សំណួរនេះ បានឆ្លើយតបនឹងសំណួរនេះវិញថា ចម្លើយ នោះគឺទេ។

សម្តីអំពាវនាវដែលបង្កប់នូវភាពដ៏ខ្លាំងក្លាស្វែងរកការជួយគាំទ្រដល់អ៊ុយក្រែននៅលើវេទិកា អង្គការពិភពលោកនេះ ត្រូវគេកត់សម្គាល់ថា មិនមែនមាន បំណងចំពោះបណ្តាប្រទេសនានា លើពិភពលោកនោះតែប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាពិសេសគឺជាន័យដែលសម្តៅដល់ពលរដ្ឋអាមេរិកាំងខ្លួនឯង ខណៈដែល គណបក្សសាធារណរដ្ឋបានព្យាយាមបំផ្លាញចោល នូវគម្រោងរបស់លោកប្រធានាធិបតីអាមេរិកខ្លួនឯង ដែលចំណាយលុយនៃជំនួយយោធា ច្រើនពាន់លានដុល្លារហួសហេតុដល់សង្គ្រាមអ៊ុយ ក្រែនចាប់តាំងពីដើមដំបូងនៃសង្គ្រាមថ្ងៃទី២៤កុម្ភៈឆ្នាំ ២០២២នោះមក។

ខណៈសហរដ្ឋអាមេរិកកំពុងតែផុងខ្លួនកាន់តែជ្រៅក្នុងការជួយអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រ ឆាំងនឹងរុស្ស៊ីនេះ, សេចក្តីរាយការណ៍បានបង្ហាញថារដ្ឋបាល លោក Biden បានស្នើឱ្យសភា ផ្តល់ភ្លើងបៃតងជាបន្ថែមនូវជំនួយ២៤ពាន់លានដុល្លារក្នុងផ្នែកសន្តិសុខ និងជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប៉ុន្តែគណបក្សសាធារណរដ្ឋដែលគ្រប់គ្រងស្ថាប័នសភាតំណាងរាស្ត្រមិន បានអើពើនឹងសំណើនោះឡើយខណៈដែលសមាជិកសភាកំពុង តែខ្វែងដៃជើងដើម្បី ធានាថាមូលនិធិរបស់រដ្ឋាភិបាលអាមេរិកនៅតែជួយផ្តល់បន្តមិនឱ្យហួសពីចុងខែកញ្ញានេះឡើយ។

រហួតមកទល់នឹងពេលនេះ ការយកតាមទស្សនៈរបស់អតីតប្រធានាធិបតី Donald Trump នៃគណបក្សសាធារណរដ្ឋ គឺនៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ ការផ្តល់ជំនួយដ៏ច្រើនដល់ អ៊ុយក្រែន បើទោះបីមានសមាជិកខ្លះជាពិសេសក្នុងស្ថាប័នព្រឹទ្ធសភាបានបន្តតស៊ូមតិគាំទ្រ ការជួយអ៊ុយក្រែន ប្រឆាំងរុស្ស៊ីមិនឱ្យធ្វើសង្គ្រាមរាលដាលចេញក្រៅពីទឹកដីអ៊ុយក្រែនក៏ ដោយ។ លោក Biden បាន​ថ្លែង​ក្នុង​សុន្ទរកបន្តថា ​«​យើង​ត្រូវ​តែ​ក្រោក​ឈរ​ឡើងប្រឆាំងចំពោះ​ការ​ឈ្លានពាន​​នៅ​ថ្ងៃ​នេះ ហើយ​រារាំង​អ្នក​ឈ្លានពាន​ផ្សេងដទៃ​ទៀត​នៅ​ថ្ងៃ​ស្អែក»។ លោកបាន ប្រាប់បណ្តាអ្នកចូលរួមក្នុងវេទិកា អង្គការសហប្រជាជាតិទៀតថា «អ្វីទាំងនោះហើយគឺជាមូលហេតុដែលសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងជុំវិញពិភពលោក នឹង បន្តឈរជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងសេរីភាពរបស់ពួកគេ»។

សម្តីអំពាវនាវស្វែងរកការរួមគ្នាដើម្បីបន្តការជួយអ៊ុយក្រែននេះ បានទន្ទឹមនឹងមន្ត្រីជាន់ខ្ពស់អា មេរិកផ្សេងទៀតក្នុងរដ្ឋបាលលោកចូបៃដិន បាននិងកំពុងធ្វើក្នុងកិច្ចប្រជុំផ្សេងៗរបស់ខ្លួនជា មួយនឹងសមភាគីរបស់គេនៅខាងក្រៅប្រទេសផងដែរ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃទី១៩កញ្ញាឆ្នាំ២០២៣ បានជំរុញ មេដឹកនាំការពារជាតិនៃបណ្តាប្រទេសណាតូក្នុងការជួបប្រជុំមួយនាមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ត្រូវជួយអ៊ុយក្រែនឱ្យបានខ្លាំងក្លានិងជួយផ្តល់ប្រព័ន្ធអាវុធការពារដែន អាកាសជាបន្ថែមទៀតដល់អ៊ុយក្រែនដើម្បី ការធ្វើសង្គ្រាមវាយបកប្រឆាំងរុស្ស៊ី។

សាររបស់លោកចូបៃដិន ត្រូវគេនិយាយថាជាសារដែលមានបំណងចង់ឱ្យឮហួសពីរុស្ស៊ី, ហួសពីសហរដ្ឋអាមេរិក និងជាសារចង់បង្ហាញដល់មេដឹកនាំ រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ ខណៈដែលការប្រឈមមុខគ្នារវាងចិនដីគោកនិងចិនតៃវ៉ាន់មានលក្ខណៈកាន់តែស្រួចស្រាវទៅជាលំដាប់។
សាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែចិនតៃវ៉ាន់ បានព្យាយាមចង់បំបែកខ្លួនជារដ្ឋឯករាជ្យ និងការព្យាយាមរើបំរះចេញពីនយោបាយចិនតែមួយនេះ ត្រូវបានសហរដ្ឋអាមេរិកធានាអះអាងនិងការពារក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យថែមទៀត។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក Biden បានពិពណ៌នានូវភាពជាដៃគូរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកដែលរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោនបាន ថែរក្សាជុំវិញសកលលោក ចាប់ពីទ្វីបអាហ្វ្រិកដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយលោកបាននិយាយអំពីការ​បង្កើតសេដ្ឋកិច្ច សន្តិសុខ និងចំណុចវឌ្ឍនភាព ផ្សេងទៀត។ លោកចូបៃដិនបាននិយាយថាទំនាក់ទំនងភាពជាដៃគូរបស់ លោកជាមួយបណ្តាប្រទេសទាំងនោះគឺមិនមែនជាការទប់ទល់នឹង ប្រទេសណាមួយឡើយ ដែលសម្តីបញ្ឆិតបញ្ឆៀងចំពោះប្រទេសណាមួយនោះត្រូវគេនិយាយថា គឺជាចង់និយាយសំដៅដាក់លើប្រទេសចិន។ ប៉ុន្តែសម្តីក្រោយមកទៀត លោកបានថ្លែងមកដល់ចំណុចនៃប្រទេសចិន។

ក្នុងចំណុចពាក់ព័ន្ធនឹងប្រទេសចិន, លោក Biden បាន​និយាយ​ថា​៖ «​ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ នៅពេលដែលនិយាយមកដល់ចំណុចនៃប្រទេសចិននេះ។ លោកបន្តថាយើង​ស្វែងរក​ភាព​ប្រកួត​ប្រជែង​រវាង​ប្រទេស​របស់​យើង​ដោយ​ការ​ទទួល​ខុស​ត្រូវ ដូច្នេះវាមិនបានឈានដល់ការ នាំទៅរកជម្លោះនោះទេ។ លោកបានបញ្ជាក់បន្ថែមត្រង់ចំណុចដដែលនេះទៀតថា យើងចង់បានភាពសុខសាន្តមិនបង្កជម្លោះ, មិនបំបែកបំបាក់ ជាមួយនឹងប្រទេសចិននោះទេ។

លោក Biden បានសង្កត់ធ្ងន់ថារដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស្ហ៊ីនតោន ចាំបាច់ត្រូវសហការគ្នាលើអាកាសធាតុ។ លោកបានលើកឡើងជុំវិញ គ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ ដូចជាករណីរលកកំដៅ, គ្រោះរាំងស្ងួត និងទឹកជំនន់ជុំវិញពិភពលោក ដោយបញ្ជាក់ថាវាជា រឿងបន្ទាន់ដែល គេចាំត្រូវដោះស្រាយដើម្បីការការពារអាកាសធាតុរបស់ពិភពលោក។ បើទោះបីជាលោក ចូ​ បៃដិន បានសង្កត់ធ្ងន់លើអាកាសធាតុជាអាទិភាពក៏ដោយ ប៉ុន្តែលោកមិនមានគម្រោងចូលរួមកិច្ចប្រជុំកំពូលពិសេសស្តីពីអាកាសធាតុ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃពុធទី២០កញ្ញានេះឡើយ។ នៅក្នុងសុន្ទរកថាថ្លែងរយៈពេល ៣០នាទី, លោក Biden បាននិយាយសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីតម្លៃនៃស្ថាប័នដូចជាអង្គការសហប្រជាជាតិ និងសម្ព័ន្ធអន្តរជាតិនានាដែលបានជួយ ពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗដូចជាភាពក្រីក្រ និងជំងឺ និងលោកបាន លើកឡើងនូវការប្តេជ្ញាការការពារលទ្ធិប្រជាធិបតេយ្យ ដែលជាប្រធានបទទូទៅក្នុងតំណែងរបស់លោកជាប្រធានាធិបតី។

លោក Biden បាននិយាយថា «យើងនឹងមិនដកថយពីតម្លៃដែលធ្វើឲ្យយើងរឹងមាំបាននោះទេ។ យើងនឹងការពារលទ្ធិប្រជាធិបតេយ្យ ដែលជាឧបករណ៍ ដ៏ល្អបំផុតរបស់យើង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលយើងជួបប្រទះនៅជុំវិញពិភពលោកហើយ​យើង​នឹងបន្តធ្វើ​ការ​នេះដើម្បី​បង្ហាញ​ពី​របៀប​ដែល​លទ្ធិប្រជាធិបតេយ្យ​អាច​ផ្តល់​នូវ​មធ្យោបាយ​ដែល​សំខាន់​ចំពោះ​ជីវិត​របស់​ប្រជាជន»

វេទិកាប្រចាំឆ្នាំរបស់ពិភពលោកនាពេលនេះ ត្រូវគេមើលឃើញថាគឺជាឱកាសសម្រាប់លោក Biden ដើម្បីបង្ហាញដល់មេដឹកនាំពិភពលោកផ្សេងទៀត និងស្វែងរកប្រយោជន៍ សម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២៤ ដែលលោកបានចាត់ទុកថាក្នុងការកាន់អំណាច ជាប្រធានាធិបតីអាមេរិកនេះ លោកបានបង្កើតសាឡើងវិញនូវវេទិកាពិភពលោកមួយដែលមុននេះ ត្រូវបានថមថយឥទ្ធិពលទៅហើយដោយសារតែអតីតប្រធានាធិបតីដូណាល់ត្រាំ។

មហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៣នេះ ត្រូវគេកត់សម្គាល់ថាមិនមានការ ចួលរួមពីបណ្តាមេដឹកនាំសំខាន់ៗដទៃទៀតឡើយ ដូចជាអវត្តមាននាយករដ្ឋមន្ត្រីអង់គ្លេស លោ Rishi Sunak, អវត្តមានប្រធានាធិបតីបារាំងលោក Emmanuel Macron, ប្រធានាធិបតីចិន លោក Xi Jinping និងអវត្តមានមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីននោះជាដើម។

បន្ទាប់ពីការថ្លែងសុន្ទរកថា លោក Biden បានអង្គុយជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres, និងនៅថ្ងៃអង្គារ៍ទី១៩កញ្ញា ដដែលនោះ ប្រធានាធិបតីអាមេរិកនៅ បានជួបជាមួយមេដឹកនាំមកពីក្រុម C5 នៃប្រជាជាតិអាស៊ីកណ្តាល ដែលរួមមាន Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan and Uzbekistan។ លោកចូបៃដិន បាននិយាយថាកិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រជាជាតិទាំង៥នោះគឺស្ថិតនៅក្នុង កម្រិតខ្ពស់ថ្មីមួយ។ លោក Biden បានគូសបញ្ជាក់ជុំវិញកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យខ្លះ រួមទាំងវិស័យ រ៉ែសំខាន់ៗ និងសិទ្ធិពិការភាពផងដែរ។

ប្រទេសទាំង៥ដែលបានជួបជាមួយនឹងលោកចូបៃដិននោះ ក៏ជាប្រទេសដែលមានទំនាក់ទំ នងជិតស្និទ្ធជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងផងដែរ។
កាលពីខែឧសភាក្នុងសន្និសីទកំពូលមួយរវាងមេដឹកនាំចិននិងមេដឹកនាំទាំង៥ប្រទេសនោះ, លោកស៊ីជីនពីងបានសន្យាកសាងទំនាក់ទំនង ផ្លូវដែកនិងទំនាក់ទំនងពាណិជ្ជកម្មរបស់ចិន ក្នុងតំបន់នៃប្រទេសទាំង៥ និងចិនបានស្នើរួមគ្នាអភិវឌ្ឍប្រភពប្រេង និងឧស្ម័នផងទៀត។

ក្នុងជំនួបរវាងលោកចូបៃដិនជាមួយនឹងមេដឹកនាំទាំង៥ប្រទេសលើទឹកដីសហរដ្ឋអាមេរិកនេះវិញ, លោកចូបៃដិន បាននិយាយក្នុងកិច្ចប្រជុំដែលបិទទ្វារ បញ្ជាក់ប្រាប់មេដឹកនាំទាំង៥ប្រទេសនោះថា យើងកាន់តែខ្លាំង ហើយខ្ញុំជឿជាក់យ៉ាងពិតប្រាកដថា ពិភពលោកនឹងកាន់តែ មានសុវត្ថិភាពនៅពេលដែល យើងឈរជាមួយគ្នា ជាមួយនឹងប្រទេសទាំងប្រាំរបស់យើងនេះ។ លោក Biden គ្រោងនឹងជួបពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡិន ស្គី នាសេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី២១ កញ្ញានេះទៀត៕