(កៀវ)៖ ទោះបីជាមានប្រៀបលើសមរភូមិនាពេលថ្មីៗនេះក៏ដោយ ទាហានអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅជួរមុខភាគខាងកើតបាននិយាយថា ពួកគេត្រូវការអាវុធលោកខាងលិចបន្ថែមទៀត ដើម្បីបង្កើនល្បឿននៃការវាយលុករបស់ពួកគេប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋាភិបាលទីក្រុងកៀវបាននិយាយថា ក្នុងអំឡុងពេលនៃការប្រយុទ្ធនាពេលថ្មីៗនេះ ខ្លួនបានដណ្តើមយកភូមិចំនួនពីរទៀត នៅភាគខាងត្បូងនៃទីក្រុង Bakhmut ដែលនឹងជួយកងកម្លាំងរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងភាគខាងកើត ដែលកងកម្លាំងរុស្ស៊ីបានកាន់កាប់តាំងពីខែឧសភា។
ប៉ុន្តែកងកម្លាំងដែលជ្រកកោននៅក្នុងលេនដ្ឋានមួយនៅជិតទីក្រុង Bakhmut បាននិយាយនៅសប្តាហ៍នេះថា ពួកគេនៅតែពឹងផ្អែកយ៉ាងខ្លាំងលើគ្រាប់រ៉ុក្កែត Grad សម័យសូវៀត ហើយស្រម័យចង់ទទួលបានប្រព័ន្ធមីស៊ីល HIMAR របស់អាមេរិកកម្រិតខ្ពស់បន្ថែមទៀត។
ទាហានម្នាក់ដែលដាក់ឈ្មោះត្រឹមតែថា Denys បាននិយាយថា «អ្វីៗនឹងភ្លឺស្វាង គួរឱ្យចាប់អារម្មណ៍ជាងនេះ ប្រសិនបើយើងមានប្រព័ន្ធមីស៊ីល HIMARS»។ លោកបានបន្ថែមថា «ឬយ៉ាងហោចណាស់មួយក្នុងចំណោមគ្រាប់បែកបំផ្ទុះ ដែលផលិតនៅប្រទេសឆែក»។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចបានផ្តល់អាវុធដល់អ៊ុយក្រែន ដែលមានតម្លៃរាប់ពាន់លានដុល្លារចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជិត ១៩ខែមកនេះ។ ប៉ុន្តែលោក Denys បានបន្ទរការអំពាវនាវរបស់ប្រធានាធិបតី Zelensky ដែលកំពុងជួបមេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ដោយនិយាយថា អ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀតដើម្បីបណ្តេញកងទ័ពរុស្ស៊ី៕