(យ៉េរ៉េវ៉ាន់)៖ ក្រុមជនជាតិអាមេនីស្ថិតនៅតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បានសម្រេចយល់ព្រម ចំពោះសំំណើផ្តួចផ្តើមដោយរុស្ស៉ី សម្រាប់បទឈប់បាញ់គ្នានាថ្ងៃពុធនេះ ពោលគឺរយៈពេល២៤ម៉ោង បន្ទាប់ពីអាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីព្យាយាមវាយគ្រប់គ្រងលើ​​តំបន់នេះទាំងស្រុង ហើយបានបង្កឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយនាក់ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

កងកម្លាំងផ្តាច់ខ្លួនអាមេនីនៅតំបន់ Nagorno-Karabakh ដែលស្ថិតក្នុងប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា កងកម្លាំងអាស៊ៃបៃហ្សង់ បានវាយបំបែកខ្សែបន្ទាត់ការពារពួកគេ រួចហើយដណ្តើមគ្រប់គ្រងបានទីតាំងភូមិសាស្រ្តៗ ក៏ដូចជាច្រកផ្លូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ខណៈអន្តជាតិបានត្រឹម​នាំគ្នាឱបដៃឈរមើល។

ពួកគេបានបន្តថា ដោយសារតែស្ថិតក្រោមកាលៈទេសៈយ៉ាងដូច្នេះ ខ្លួនគ្មានជម្រើសរើសអ្វីផ្សេងក្រៅតែពីបញ្ឈប់ការតស៊ូប្រយុទ្ធតតាំងនឹង កងកម្លាំងអាស៊ែបៃហ្សង់ឡើយ ចាប់ពីម៉ោង១រសៀលថ្ងៃពុធនេះតទៅ (ពេលវេលាក្នុងតំបន់) ដោយទទួលយកសំណើបទឈប់បាញ់ ​ដែលផ្តួចផ្តើមដោយបញ្ជាការដ្ឋានកងកម្លាំងរក្សាសន្តិភាពរបស់រុស្ស៉ី។ រីឯខាងអាស៊ែបៃហ្សង់បានទទួលស្គាល់ថា ភាគីទាំងពីរក៏នឹងបើកកិច្ចពិភាក្សាអំពី​ការធ្វើសមាហរណកម្មតំបន់ Nagorno-Karabakh នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ។

គួរបញ្ជាក់ថា អាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធា នៅតំបន់ Nagorno-Karabakh កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពី​ភាពតានតឹងរវាងគ្នាបានកើនឡើងអស់រយៈពេលប៉ុន្មានខែ។ ជាអន្តរជាតិ តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ផ្លូវការជា ជាទឹកដីនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកនៃតំបន់នេះ គឺ​ស្ថិតការត្រួតត្រារបស់អាជ្ញាធរផ្តាច់ខ្លួនជាជនជាតិអាមេនី ដែលបានអះអាងថា វាគឺជាទឹកដីកំណើតរបស់ដូនតាពួកគេ៕