(ញូយ៉ក)៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា រជ្ជទាយាទចក្រភពអង់គ្លេស ព្រះអង្គម្ចាស់វីលៀម (William) បានជួបអគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតឺរ៉េស (Antonio Guterres) និងបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ពន្លឿនការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យ UN បានឲ្យដឹងបន្ថែមថា អ្នកទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការអនុវត្តអភិវឌ្ឍប្រកបដោយចីរភាព និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ ជំនួបនៃអ្នកទាំងពីរ ធ្វើឡើងអំឡុងពេលដែលមេដឹកនាំពិភពលោក មកចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ UN ហើយលោក Guterres នឹងដឹកនាំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ នៅថ្ងៃពុធនេះ។ លោក ហ្គូតឺរ៉េស បានព្រមានថា គោលដៅចម្បង គឺត្រូវការផែនការសង្គ្រោះពិភពលោក។

គួរបញ្ជាក់ថា បណ្តាមេដឹកនាំក៏កំពុងប្រជុំគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៥ ដែលរួមមានការលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រខ្លាំង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការសម្រេចបាននូវសមភាពយេនឌ័រ៕