(ប៉េកាំង)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សំដៅចំពោះរឿងដែលលោកស្រី Ursula vonder Leyenប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសថា នឹងបំផុសការស៊ើបអង្កេតប្រឆាំងនឹងការផ្តល់ប្រាក់ឧបត្ថម្ភធន ចំពោះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យផ្ទៃក្នុងប្រទេសអឺរ៉ុបធ្វើការជជែកដេញដោលយ៉ាងខ្លាំង។ សំឡេងប្រកបដោយវិចារណញ្ញាណមួយចំនួន ក្នុងមតិសាធារណៈលោកខាងលិចបានយល់ឃើញថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប បានឆ្លុះបញ្ចាំងពីការភ័យខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌ របស់មនុស្សមួយចំនួននៅអឺរ៉ុប។

បើនិយាយចំពោះឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនី ទីផ្សារអឺរ៉ុបគឺជាទីផ្សារដ៏សំខាន់ក្នុងការប្រកួតប្រជែង លើទូទាំងពិភពលោក។នាពេលបច្ចុប្បន្ននេះ អនុបាតក្នុងទីផ្សារអឺរ៉ុបនៃរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិនប្រហែលជា៨ភាគរយ ដែលមិនមានកម្រិតខ្ពស់ទេ ហើយនៅតែស្ថិតក្នុងដំណាក់កាលនៃការព្យាយាមបង្កើតអាជីព។ បើមើលពីតម្លៃ តម្លៃលក់នៃម៉ាករថយន្តដើរដោយថាមពលអគ្គិសនីសំខាន់ៗ របស់ប្រទេសចិននៅក្នុងទីផ្សារអឺរ៉ុបគឺខ្ពស់ជាង រថយន្តនៅក្នុងទីផ្សារក្នុងស្រុករបស់ប្រទេសចិន វាគ្រាន់តែមានឧត្តមភាពខាងតម្លៃមួយចំនួនប៉ុណ្ណោះ បើប្រៀបធៀបនឹងម៉ាកក្នុងតំបន់អឺរ៉ុប។ដូច្នេះ ហេតុផលរបស់សហភាពអឺរ៉ុបដែលបំផុសការស៊ើបអង្កេត ប្រឆាំងនឹងការផ្តល់ប្រាក់ឧបត្ថម្ភធនចំពោះរថយន្ត ដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនគឺមិនសមហេតុផលទាល់តែសោះ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន បានបង្ហាញពីកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងបង្គួរក្នុងទីផ្សារ មូលហេតុសំខាន់គឺ ក្រុមហ៊ុនរថយន្តរបស់ប្រទេសចិនបានកំណត់ "យុទ្ធសាស្ត្រ"តាំងពីដំបូងម្ល៉េះ ហើយបន្តជំរុញការច្នៃប្រឌិតថ្មី ក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្នែកផ្គត់ផ្គង់ ពាក់ព័ន្ធរបស់ប្រទេសចិនមានភាពកាន់តែពេញលក្ខណៈ និងគ្រប់ជ្រុងជ្រោយជាងប្រទេសដទៃទៀត។ ប្រទេសអឺរ៉ុបនិងក្រុមហ៊ុនរថយន្តធំៗមួយចំនួនមានការព្រួយបារម្ភថា ទីផ្សារអឺរ៉ុបនឹងត្រូវបានកាន់កាប់ដោយរថយន្តថាមពលថ្មីរបស់ប្រទេសចិន។ នេះប្រហែលជាចេតនាពិតប្រាកដរបស់ សហភាពអឺរ៉ុបក្នុងការបំផុសអ្វីដែលហៅថាការស៊ើបអង្កេត។

ប្រទេសចិនជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបជាយូរមកហើយ។ រដ្ឋាភិបាលចិនមិនដែលបង្កើតឧបសគ្គណាមួយ សម្រាប់ការចូលក្នុងទីផ្សារក្នុងស្រុករបស់ពួកគេដែលធានា ឱ្យពួកគេអាចទទួលបានប្រាក់ចំណេញយ៉ាងច្រើន ដោយនឹងនរជាបន្តបន្ទាប់។ នៅពេលដែលរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនរីកចម្រើនឡើង ហេតុអ្វីបានជាអឺរ៉ុបមិនអាចកាន់អាកប្បកិរិយាដូចគ្នា? ការលើកអ្វីដែលហៅថា "ការប្រកួតប្រជែងដោយស្មើភាព" ធ្វើជាលេសដើម្បីអនុវត្តការស៊ើបអង្កេតប្រឆាំងនឹងការផ្តល់ប្រាក់ឧបត្ថម្ភធន និងអនុវត្តការគាំពារនិយមយ៉ាងកម្រោល វាមិនត្រឹមតែរំលោភបំពានលើគោលការណ៍ប្រកួតប្រជែង នៃសេដ្ឋកិច្ចទីផ្សារដែលប្រកបដោយសមភាពនឹង ភាពបើកចំហប៉ុណ្ណោះទេ ថែមទាំងក៏ដើរតាមផ្លូវបញ្ច្រាសនៃគំនិតផ្តួចផ្តើម ស្តីពីពាណិជ្ជកម្មសេរីដែលអឺរ៉ុបប្រកាន់ខ្ជាប់ជានិច្ចទៀតផងដែរ។

តាមពិត អឺរ៉ុបគឺជាមូលដ្ឋានផលិតរថយន្តដ៏សំខាន់លើពិភពលោក។ វាបានប្រមូលផ្តុំយ៉ាងស៊ីជម្រៅនូវម៉ាក ធនធានមនុស្សនិងបច្ចេកទេស ដែលមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ ការធ្វើឱ្យឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនី មានភាពកាន់តែខ្លាំងនិងកាន់តែធំ។ ឆ្លើយតបនឹងការប្រកួតប្រជែងខាងក្រៅដោយសកម្ម ហើយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផ្នែក ឧស្សាហកម្មរបស់ខ្លួនក្នុងបរិយាកាសទីផ្សារដ៏យុត្តិធម៌ អឺរ៉ុបគួរតែមានជំនឿចិត្តលើខ្លួនឯងបែបនេះ។

ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលឯកតោភាគីនិយម និងការគាំពារនិយមបានងើបឡើងវិញជាបន្តបន្ទាប់ ចិននិងអឺរ៉ុបចាំបាច់ត្រូវដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា រួមគ្នាប្រឆាំងនឹងការគាំពារនិយមផ្នែកពាណិជ្ជកម្ម និងគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នេះទើបជាទង្វើដែលស្របទៅតាមនិន្នាការប្រវត្តិសាស្ត្រនិងក្រឹត្យក្រមនៃទីផ្សារ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន