(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តគុយបា លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅគុយបា។ លោកបានជួបសន្ទនាជាមួយលោក Diaz Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត

គុយបា និងជាប្រធានរដ្ឋគុយបាយ និងជួបពិភាក្សាការងារ ជាមួយលោក Roberto Morales Ojeda សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមគុយបាយ និងបានទៅសួរសុខទុក្ខឧត្តមសេនីយ៍ឯក Raul Castro មេដឹកនាំបដិវត្តន៍របស់គុយបាយ។

ពេលជួបសន្ទនាជាមួយលោក Diaz Canel លោក Li Xi បានសម្តែងការអបអរសាទរចំពោះគុយបាដែលបានរៀបចំកិច្ចប្រជុំកំពូល”ក្រុមប្រទេសG 77 និងប្រទេសចិន”ក្រុងហាវ៉ាណាដោយជោគជ័យ។ ភាគីចិនមានឆន្ទៈរួមជាមួយគុយបាដើម្បីអនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សនិងរដ្ឋនៃប្រទេសទាំងពីរ បន្តជំរុញការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយម និងការកសាងបក្សរៀងៗខ្លួន ជំរុញឱ្យគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ត្រូវបានអនុវត្តជាក់ស្តែង ដើម្បីជំរុញការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ។

ជាការឆ្លើយតប លោក Diaz Canel បានលើកឡើងថា ប្រទេសចិនបានឈរនៅជាមួយ ”ប្រទេសភាគខាងត្បូងសកល" យ៉ាងមុតមាំ គឺបានគាំពារយ៉ាងរឹងមាំនូវផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍។ គុយបាសូមថ្លែងអំណរគុណចំពោះភាគីចិន ដែលបានគាំទ្រយ៉ាងមុតមាំចំពោះប្រជាជនគុយបា ដែលតស៊ូប្រយុទ្ធដោយសច្ចភាពដើម្បីប្រឆាំងចំពោះ ការបំបិទនិងការដាក់ទណ្ឌកម្មដោយឯកតោភាគី គុយបាសូមគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមសកល ដែលលើកឡើងដោយលោកអគ្គលេខាធិការបក្សកុម្មុយនីស្តចិន Xi Jinping ។ សូមជូនពរទុកជាមុនឱ្យវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបីទទួលបានជោគជ័យ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច លោក Li Xi បានជម្រាបជូនភាគីគុយបាអំពីសភាពការណ៍ការងាររបស់បក្សកុម្មុយនីស្តចិន ក្នុងការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងនិងប្រឆាំងអំពើពុករលួយ ហើយថា បក្សកុម្មុយនីស្តចិនទទួលបានការស្រឡាញ់គាំទ្រយ៉ាងស្មោះស្មគ្រ័ ពីសំណាក់ប្រជាជនកាន់តែច្រើនឡើងៗ។ គុយបាបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពដ៏លេចធ្លោរបស់ បក្សកុម្មុយនីស្តចិនក្នុងការកសាងបក្សនិងប្រឆាំងអំពើពុករលួយ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន