(ញូយ៉ក)៖ របាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃពុធនេះបង្ហាញថា អង្គការសហប្រជាជាតិ (UN) បានកត់ត្រានូវឧប្បត្តិហេតុជាង ១,៦០០ករណី នៃការរំលោភសិទ្ធិអ្នកជាប់ឃុំខ្លួនពីសំណាក់អាជ្ញាធរតាលីបង់ ដែលជិតពាក់កណ្តាលគឺជាការធ្វើទារុណកម្ម ការប្រព្រឹត្តមិនត្រឹមត្រូវរបស់ប៉ូលិស និងភ្នាក់ងារស៊ើបការណ៍សម្ងាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ស្ថានបេសកកម្មរបស់ UN ប្រចាំអាហ្វហ្គានីស្ថាន (UNAMA) បានបញ្ជាក់ថា «ការចង់បានចម្លើយសារភាព ឬព័ត៌មានផ្សេងទៀត បានធ្វើឱ្យអ្នកជាប់ឃុំត្រូវទទួលរងការឈឺចាប់ធ្ងន់ធ្ងរ ដូចជាការវាយដំលើរាងកាយ ឆក់ខ្សែភ្លើង ខ្ទប់ដង្ហើម ចាប់បង្ខំឲ្យផឹកទឹក និងការចាប់ចងបិទភ្នែកជាដើម»។ ក្រៅពីនោះ មានការរំលោភបំពានផ្សេងទៀតរួមមាន ការចាប់ខ្លួនដោយគ្មានមូលហេតុ មិនអាចទទួលបានមេធាវី និងការថែទាំវេជ្ជសាស្រ្តមិនគ្រប់គ្រាន់នៅក្នុងមន្ទីរឃុំឃាំង។

ជាការឆ្លើយតប ក្រសួងការបរទេសនៃរបបដឹកនាំតាលីបង់ បានច្រានចោលរបាយការណ៍នេះថាមិនមានភាពត្រឹមត្រូវ។ អាជ្ញាធរ និងតុលាការ កំពុងបង្កើនការត្រួតពិនិត្យ និងធានាឲ្យបាននូវការអនុវត្តតាមក្រឹត្យរបស់មេដឹកនាំកំពូល ដែលហាមឃាត់ការធ្វើទារុណកម្ម ឬការបង្ខំឲ្យសារភាព។

គួរបញ្ជាក់ថា ក្រុមតាលីបង់ បានត្រលប់មកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានជាថ្មី កាលពីឆ្នាំ២០២១។ បើតាម UNAMA មនុស្សចំនួន ១៨នាក់បានស្លាប់នៅក្នុងពន្ធនាគារ ក៏ដូចជាមន្ទីរឃុំឃាំងរបស់ប៉ូលិស និងចារកម្មក្នុងរយៈពេល ១៩ខែ ដែលបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣៕