(យូអិន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែជួយធ្វើឱ្យស្ថានការណ៍នៃសង្រ្គាមនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ ហើយលោកបានបន្តអះអាងថា ទីក្រុងតេហេរ៉ង់ ដែលជាអ្នកបាន​ជួយផ្គត់ផ្គង់ដ្រូនឱ្យទៅរុស្ស៉ី នឹងផ្តល់ការគាំទ្រចំពោះកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងនៅមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) លោក រ៉ៃស៉ី បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបាននិងកំពុងបក់ភ្លើង​ដើម្បីជួយបញ្ឆេះស្ថានការណ៍សង្រ្គាមឱ្យកាន់តែក្តៅខ្លាំងឡើងនៅអ៊ុយក្រែន ក្រោមគោលបំណងធ្វើឱ្យក្រុមប្រទេសអឺរ៉ុបមានភាពទន់ខ្សោយ។ នេះគឺជាផែនការដែលមានចក្ខុវិស័យវែងឆ្ងាយមួយរបស់ទីក្រុងវ៉ាស៉ីនតោន»

គួរបញ្ជាក់ថា អ៉ីរ៉ង់មានទំនាក់ទំនងតានតឹងជាមួយសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀត លើសាធាណរដ្ឋអ៉ីស្លាមមួយនេះ សម្រាប់ការលក់យន្តហោះដ្រូនអត្តឃាតឱ្យទៅទីក្រុងមូស្គូ។ យ៉ាណាមិញ លោកប្រធានាធិបតីអ៉ីរ៉ង់ បានបន្តទទូចពីអព្យាក្រឹតភាពរបស់អ៉ីរ៉ង់ ដែលកន្លងមកនេះ ភាគច្រើនបានប្រកាន់ជំហរអនុបវាទលើសេចក្តីសម្រេចនានារបស់ UN ស្តីពីសង្រ្គាមអ៊ុយក្រែន។ លោក រ៉ៃស៉ី ក៏បាន​អះអាងដូច្នេះផងដែរថា «យើងគាំទ្រចំពោះកិច្ចផ្តួចផ្តើមទាំងឡាយ ដែលសំដៅចង់ឱ្យមានការបញ្ឈប់អរិភាពនិងសង្រ្គាម»