(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមមន្រ្តីឧតុនិយមចិន បានបង្កើនការព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅតាមតំបន់មួយចំនួន ក្រោយព្យុះថូណាដូដ៏អាក្រក់មួយ ទើបតែបានបង្កការបំផ្លិចបំផ្លាញនៅខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើត ហើយផ្តាច់ជីវិតមនុស្ស៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។
ឧប្បត្តិហេតុខ្យល់ព្យុះខាងលើ ដែលកើតឡើងស្របពេលដែលប្រទេសចិន បានជួបប្រទះបាតុភូតអាកាសធាតុ ដែលបានបង្កការបំផ្លិចបំផ្លាញ និងសម្លាប់មនុស្សជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានជំរុញឱ្យអាជ្ញាធរចិនអំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័តខ្ពស់ ចំពោះការធ្លាក់ភ្លៀងនិងខ្យល់បោកបក់ខ្លាំង នៅតាមតំបន់ជាប់បណ្តោយឆ្នេរនៃខេត្ត Jiangsu ដែលនៅក្បែរសមុទ្រលឿង។
ព្យុះថូណាដូកាលពីថ្ងៃអង្គារសប្តាហ៍នេះ មានរយៈពេលខ្លីប៉ុន្តែមានកម្លាំងធ្ងន់ធ្ងរ។ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បាននិយាយថា ក្រៅពីមនុស្សស្លាប់៥នាក់ គឺមាន៤នាក់ទៀតរងរបួស នៅពេលដែលខ្យល់ព្យុះនោះ បានវាយប្រហារភ្លាមៗលើ តំបន់ដែលមានមនុស្សរស់នៅច្រើនមួយកន្លែង កាលពីវេលាល្ងាចថ្ងៃអង្គារ។ មិនតែប៉ុណ្ណោះ ផ្ទះសម្បែងប្រហែល ១,៨០០ខ្នង បានរងការបំផ្លិចបំផ្លាញ និងផ្ទៃដីដំណាំជាច្រើនហិកតា បានខូចខាត។
គួរបញ្ជាក់ថា ការព្រមានអាកាសធាតុក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់ទីក្រុងចុងឈីង (Chongqing) ព្រមទាំងខេត្តគួយចូវ (Guizhou), ហ៊ូណាន (Hunan), អានហ៊ុយ (Anhui) និងហ៊ូប៉ី (Hubei)។ នាពេលថ្មីៗកន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងទើបតែវាយប្រហារលើតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន ដែលបានបង្កឱ្យមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ គ្រោះបំណាក់ដី មនុស្សស្លាប់ ដោយសារតែចំហាយសេសសល់នៃព្យុះទីហ្វុង ហាយគួយ (Haikui)៕