(បាគូ)៖ នាថ្ងៃពុធនេះ អាស៊ែបៃហ្សង់បាននិយាយថា ប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ដែលគ្រប់គ្រងដោយជនជាតិអាមេនី បាននិងកំពុងបន្តទៅមុខដោយជោគជ័យ បន្ទាប់ពីសហរដ្ឋអាមេរិកបានអំពាវនាវឱ្យបញ្ឈប់អរិភាព ហើយទីក្រុងមូស្គូបានទទូច​ឱ្យភាគីទាំងសងខាង បញ្ឈប់ការប្រយុទ្ធបង្ហូរឈាមគ្នា នៅតំបន់ដែលមានបញ្ហាវិវាទនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីភាពតានតឹងកើនឡើងរយៈពេលប៉ុន្មានខែ នៅតំបន់ Nagorno-Karabakh អាស៊ែបៃហ្សង់ក្នុងសប្តាហ៍នេះ បានបញ្ជូនកងទ័ព​ក្រោមការគាំទ្រដោយការបាញ់ផ្លោង ចូលទៅកាន់តំបន់នោះ ដើម្បីព្យាយាមវាយបំបាក់ឱ្យតំបន់ផ្តាច់ខ្លួន Nagorno-Karabakh ព្រមចុះញ៉ម។ ក្រសួងការពារជាតិអាស៊ែបៃហ្សង់ បានប្រកាសថា ចំណាត់ការយោធាកំពុងបន្តយ៉ាងជោគជ័យ ដោយសព្វាវុធនិងសម្ភារយោធាត្រូវបានកម្ទេច។ តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកនៃតំបន់នេះ គឺ​ស្ថិតការត្រួតត្រារបស់អាជ្ញាធរផ្តាច់ខ្លួនអាមេនី ដែលអះអាងថា វាគឺជាទឹកដីកំណើតរបស់ដូនតាពួកគេ។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន បានជជែកទាំងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៉ីលហាម អាលីយេវ (Ilham Aliyev) និងនាយករដ្ឋមន្រ្តីអាមេនី លោក នីកូល ប៉ាស៉ីនយ៉ា (Nikol Pashinya) ហើយបានអំពាវនាវឱ្យអាស៊ែបៃហ្សង់ ​បញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធារបស់ខ្លួន និងបន្ធូរបន្ថយស្ថានការណ៍វិញ។ រីឯទីក្រុងមូស្គូ បានចេញមុខទទូចឱ្យភាគីជម្លោះទាំងពីរ បញ្ឈប់ការបង្ហូរឈាមគ្នានិងអរិភាព ហើយត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ២០២០ឡើងវិញ។ អគ្គលេខាធិការ UN ក៏បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាខាងលើផងដែរ បន្ទាប់ពីសហភាពអឺរ៉ុប បារាំង និងអាល្លឺម៉ង់ បានថ្កោលទោសសកម្មភាពយោធា​របស់អាស៊ែបៃហ្សង់។

គួរបញ្ជាក់ថា អាមេនីបានត្រួតត្រាទឹកដីមួយផ្នែកធំនៃតំបន់ Nagorno-Karabakh ក្នុងសង្រ្គាមដែលបានផ្ទុះឡើង ស្របពេលការដួលរលំនៃ​សហភាពសូវៀត។ នៅឆ្នាំ២០២០ អាស៊ៃបៃហ្សង់ក៏ដណ្តើមបានទឹកដីភាគច្រើនមកវិញ ក្នុងសង្រ្គាមរយៈពេល៦សប្តាហ៍ ដែលបញ្ចប់ទៅ​ដោយបទឈប់បាញ់ ក្រោមការជួយសម្រុះសម្រួលពីរុស្ស៉ី។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា សកម្មភាពរបស់អាស៊ែបៃហ្សង់​ក្នុងសប្តាហ៍នេះ នឹងបង្កទៅជាសង្រ្គាមពេញទំហឹងជាមួយប្រទេសអាមេនីតែម្តងឬយ៉ាងណា ប៉ុន្តែការប្រយុទ្ធគ្នានៅ Nagorno-Karabakh អាចនឹងផ្លាស់ប្តូរតុល្យភាពភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់៕