(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អ៊ុយក្រែន ត្រូវការជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាស រួមទាំងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការថែទាំសម្រាប់ប្រព័ន្ធការពារដែលយោធាអ៊ុយក្រែន មានរួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
លោក ស្តូលធិនបឺគ បាននិយាយថា សង្រ្គាមដែលឥឡូវនេះឈានចូលដល់ឆ្នាំទី២ គឺជាសង្រ្គាមនៃការបំផ្លិចបំផ្លាញ ប៉ុន្តែក្នុងប្រតិបត្តិការវាយបក ចាប់តាំងពីខែមិថុនាមក អ៊ុយក្រែនបានដណ្តើមយកមកវិញនូវទឹកដីខ្លះដែលរុស្ស៉ីកាន់កាប់។
លោក ស្តូលធិនបឺគ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងចង់បញ្ចប់សង្រ្គាម ប្រសិនបើយើងចង់បានសន្តិភាព នោះការបន្តគាំទ្រផ្នែកយោធាអ៊ុយក្រែន គឺជាវិធីដ៏ត្រឹមត្រូវ។ អ៊ុយក្រែន មិនត្រឹមតែត្រូវការប្រព័ន្ធការពារដែនអាកាសថ្មីនោះទេ តែក៏ត្រូវការការថែទាំប្រព័ន្ធការពារដែលមានស្រាប់ រួមទាំងគ្រាប់រំសេវ និងគ្រឿងបន្លាស់ថែមទៀត។ យើងឃើញថាប្រព័ន្ធការពារដែនអាកាសកំពុងជួយសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃនៅអ៊ុយក្រែន»។
គួរបញ្ជាក់ថា ប្រមុខនៃអង្គការណាតូរូបនេះ កំពុងនៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ការអត្ថាធិប្បាយរបស់លោក ស្តូលធិនបឺគ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនិយាយថា ការពង្រឹងការការពារដែនអាកាស របស់អ៊ុយក្រែន គឺជាគន្លឹះសំខាន់នៅពេលផុតរដូវរងារ៕