(ប៉េកាំង)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ចិនបានជំរុញឲ្យមានការបង្កើនសកម្មភាពឆ្លងកាត់ព្រំដែនជាមួយរុស្ស៉ី តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទៅវិញទៅមកកាន់តែស៉ីជម្រៅ ខណៈសម្ព័ន្ធមិត្តទាំងពីរប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ទោះបីជាត្រូវលោកខាងលិចជំទាស់ដោយសារតែ សង្រ្គាមឈ្លានពាននៅអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៉ី នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-រុស្ស៊ី បានបន្តធ្វើឲ្យកាន់តែស៉ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ផងដែរថា មាន «ភាពចាំបាច់» សម្រាប់ចិន និងរុស្ស៉ីក្នុងការបង្កើនការជួញដូរគ្រាប់ធញ្ញជាតិរបស់ពួកគេ ចំពេលមានភាពតានតឹងជាសកលចំពោះការផ្គត់ផ្គង់នេះ។ ការសាងសង់ច្រករបៀងគ្រាប់ធញ្ញជាតិដែលតភ្ជាប់ពីរុស្ស៉ីទៅកាន់តំបន់ហៃឡុងជាំង (Heilongjiang) នឹងជួយពង្រឹងសន្តិសុខស្បៀងរបស់ចិន។

គួរបញ្ជាក់ថា រុស្ស៉ី ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់លោកខាងលិច បានពឹងផ្អែកលើសម្ព័ន្ធមិត្តចិនរបស់ខ្លួនសម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច ដោយផ្តល់ឲ្យចិនវិញនូវប្រេង ឧស្ម័ន និងគ្រាប់ធញ្ញជាតិ៕