(វ៉ាស៊ីនតោន)៖ ការចោទប្រកាន់របស់កាណាដាថាឥណ្ឌា ប្រហែលជាមានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនជនជាតិភាគតិច Sikh ម្នាក់ នៅលើទឹកដី របស់ខ្លួន បាន និងកំពុងដុតបញ្ឆេះជម្លោះការទូតដ៏ក្ដៅគគុករវាងទីក្រុងអូតាវ៉ា និងញូវដែលី រហូតដល់ថ្នាក់ត្រូវបណ្ដេញមន្ត្រីទូតជាន់ខ្ពស់ ចេញពីប្រទេសរៀងៗខ្លួន ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ធ្លាក់ចុះដុនដាប។

ការសងសឹកគ្នាតាមរយៈការបណ្ដេញមន្ត្រីទូតជាន់ខ្ពស់ទៅវិញទៅមករវាងកាណាដា និងឥណ្ឌា កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថាកាណាដា កំពុងធ្វើការស៊ើបអង្កេតលើ «ការចោទប្រកាន់គួរឱ្យទុកចិត្តបាន» ថាឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតពលរដ្ឋកាណាដាម្នាក់ និងជាមេដឹកនាំសហគមន៍ជនជាតិភាគតិច Sikh លោក Hardeep Singh Nijjar។

ថ្លែងទៅកាន់សភាជាតិ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ លោក Trudeau បានលើកឡើងដូច្នេះថា «អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ ទីភ្នាក់ងារសន្តិសុខកាណាដា បានធ្វើការស៊ើបអង្កេតយ៉ាងសកម្មចំពោះការចោទប្រកាន់គួរឱ្យទុកចិត្តបានពីសក្តានុពលនៃទំនាក់ទំនងរវាងភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា និងការសម្លាប់ពលរដ្ឋកាណាដា Hardeep Singh Nijjar»។ លោក Trudeau បន្ថែមថារដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការចាំបាច់នានាដើម្បីនាំឧក្រិដ្ឋជនមកកាត់ទោសតាមផ្លូវច្បាប់។

នៅចំពោះមុខភាពតានតឹងស្រាប់ កាណាដាបាននិយាយថាខ្លួនបានបណ្ដេញមន្ត្រីការទូតឥណ្ឌាម្នាក់ដែលរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly ចាត់ទុកថា ជាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌា នៅក្នុងប្រទេសកាណាដា។ ជាការឆ្លើយតប ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ បានច្រានចោទ ការចោទប្រកាន់ពីកាណាដា និងបានចាត់វិធានការសងសឹកដូចគ្នាដោយទុករយៈពេល៥ថ្ងៃ ឱ្យមន្ត្រីការទូតកាណាដាម្នាក់វេចបង្វិចចេញពីប្រទេសរបស់ខ្លួន។

* លោក Nijjar ជានរណា?
លោក Nijjar គឺជាមេដឹកនាំសហគមន៍ជនជាតិភាគតិច Sikh ម្នាក់ មានមូលដ្ឋាននៅភាគខាងលិចប្រទេសកាណាដា និងជាអ្នកគាំទ្រដ៏លេចធ្លោរម្នាក់ដល់ចលនាទាមទារផ្ដាច់ទឹកដី និងបង្កើតរដ្ឋឯករាជ្យ ឬដែលគេស្គាល់ថា «Khalistan»។ ចលនា Khalistan ត្រូវបានរដ្ឋាភិបាលឥណ្ឌាចាត់ទុកថាជាអង្គការខុសច្បាប់ និងបង្កការគំរាម កំហែងដល់សន្តិសុខជាតិ។ ដូច្នេះហើយមនុស្សមួយចំនួននៅក្នុងចលនានេះត្រូវបានរដ្ឋាភិបាលទីក្រុងញូវដែលី បញ្ចូលទៅក្នុងបញ្ជីឈ្មោះអង្គការភេរវករ នៅក្រោមច្បាប់ Unlawful Activities (Prevention) Act ឬ UAPA របស់ឥណ្ឌា។ ឈ្មោះរបស់លោក Nijjar ត្រូវបានគេឃើញមានក្នុងបញ្ជីឈ្មោះភេរវករនៃក្រសួងមហាផ្ទៃឥណ្ឌា ផងដែរ។

លោក Nijjar ត្រូវបានខ្មាន់កាំភ្លើងបិទមុខ ២នាក់ បាញ់សម្លាប់នៅក្នុងរថយន្ដរបស់លោក នៅឯវិហារមួយរបស់សហគមន៍ជនជាតិភាគតិច Sikh ស្ថិតនៅក្នុងទីក្រុង Surrey នៃខេត្ត British Columbia កាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននោះទេ។ មរណភាពរបស់ លោក Nijjar បានបង្កភាពរំជើបរំជួល និងការខឹងសម្បារនៅក្នុងចំណោមសហគមន៍ជនជាតិភាគតិច Sikh ក្នុងប្រទេសកាណាដា។

* របួសលើដំបៅចាស់
ការចោទប្រកាន់របស់កាណាដាប្រឆាំងនឹងរដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី នឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរវាងប្រទេសទាំង២។ ជាក់ស្ដែង បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងសិ្ថតក្នុងកិច្ចចរចារវាងកាណាដា និងឥណ្ឌា ត្រូវបានផ្អាក។ សហគមន៍ជនជាតិភាគតិច Sikh នៅក្នុង ប្រទេសកាណាដា បានក្លាយជាប្រភពនៃភាពតានតឹងរវាងឥណ្ឌា និងកាណាដាជាយូរមកហើយ។ នៅពេលលោក ម៉ូឌី ធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដែលី កាលពីដើមខែកញ្ញាកន្លងទៅនេះ លោកបានសម្រេចចិត្តមិនចូលរួមក្នុងជំនួបមួយទល់នឹងមួយជាមួយលោក Trudeau នោះទេ ហើយថែមទាំងបង្ហាញក្ដីព្រួយបារម្ភពីសកម្មភាព ប្រឆាំងឥណ្ឌាពីសំណាក់ក្រុមជ្រុលនិយមមួយក្នុងប្រទេសកាណាដា។ ចំណែក លោក Trudeau វិញក៏ត្រូវបានគេរាយការណ៍ថាលោកផ្ទាល់បានប្រាប់លោក ម៉ូឌី នៅឯកិច្ចប្រជុំ G20 កាលពីសប្ដាហ៍មុនដែរថារាល់ការចូលរួម ឬពាក់ព័ន្ធណាមួយរបស់ឥណ្ឌា ក្នុងសំណុំរឿងឃាតកម្មលើលោក Nijjar ជាមិនអាចទទួលយកបានដាច់ខាត និងបានស្នើសុំកិច្ចសហការ លើការស៊ើបអង្កេត។

តាមពិតទៅ ទំនាក់ទំនងរវាងមេដឹកនាំនៃប្រទេសទាំង២ មានភាពល្អក់កករនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅពេលលោក Trudeau បំពេញទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកាណាដារូបនេះត្រូវបានទទួលស្វាគមន៍យ៉ាងសោះកក្រោះ ហើយក្រុមអ្នកវិភាគបាននិយាយថាសមានចិត្តរបស់លោក Trudeau ចំពោះសកម្មជន Sikh គឺជាប្រភពមួយនៃបញ្ហាជាមួយឥណ្ឌា។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៧ មេដឹកនាំកាណាដារូបនេះក៏ត្រូវបានគេប្រទះឃើញផងដែរបានចូលរួមក្នុង ព្រឹតិ្តការណ៍មួយរបស់សហគមន៍ជនជាតិភាគតិច Sikh ក្នុងទីក្រុង Toronto ជាទីដែលទង់ជាតិចលនាទាមទារផ្ដាច់ទឹកដី Khalistan និងលើកផ្ទាំងរូបភាពរបស់មេដឹកនាំ Sikh ម្នាក់ ដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានឥណ្ឌា ក្នុងឆ្នាំ១៩៨៤។

* ដើមកំណើតចលនា Khalistan
សាសនា Sikh ត្រូវបានបង្កើតនៅក្នុងរដ្ឋ Punjab នៅអំឡុងស.វទី១៥ ដោយបុព្វជិតម្នាក់ឈ្មោះ Guru Nanak និងមានសាសនិក ២៥លាននាក់ នៅជុំវិញពិភពលោក។ នៅក្នុងប្រទេសឥណ្ឌា Sikh គឺជាជនជាតិភាគតិច ដែលតំណាងឱ្យត្រឹម២ភាគរយ នៃប្រជាជនសរុបរបស់ឥណ្ឌា ១.៤ពាន់លាននាក់ ប៉ុន្តែមានឥទ្ធិពលខ្លាំង និងសំឡេងភាគច្រើន នៅក្នុងរដ្ឋ Punjab។ ដើមកំណើតនៃចលនា Khalistan ក្នុងសម័យទំនើបត្រូវបានគេកត់ត្រានៅពេលឥណ្ឌាទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៧ ជាពេលដែលអ្នកកាន់សាសនា Sikh មួយចំនួនទាមទារបង្កើតរដ្ឋឯករាជ្យមួយក្នុងរដ្ឋ Punjab សម្រាប់អ្នកដែលជឿលើសាសនារបស់ខ្លួន។

រាប់ទសវត្សរ៍មកនេះ អំពើហិង្សាបានផ្ទុះឡើងជាញឹកញាប់រវាងអ្នកដើរតាមចលនា Khalistan និងរដ្ឋាភិបាលឥណ្ឌា ដោយបានផ្ដាច់ជាច្រើននាក់។ ជាឧទាហរណ៍ នៅឆ្នាំ១៩៨៤ អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោកស្រី Indira Gandhi បានបញ្ជាឱ្យទាហានឥណ្ឌា វាយឆ្មក់លើវិហារ Golden Temple ជាទីសក្ការៈបូជារបស់អ្នកកាន់សាសនា Sikh ដើម្បីតាមសម្លាប់ក្រុមជនទាមទារផ្ដាច់ទឹកដី Sikh។ ប្រតិបត្តិការនេះបានបង្កការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមសហគមន៍ជនជាតិភាគតិច Sikh រហូតដល់ឈានទៅរកការលួច ធ្វើឃាតលោកស្រី Indira Gandhi ដោយអង្គរក្សរបស់លោកស្រីដែលជាជនជាតិភាគតិច Sikh។

អំពើហិង្សាដែលផ្ទុះឡើងក្រោយការធ្វើឃាតលោកស្រី Indira Gandhi បានផ្ដាច់ជីវិតមនុស្សជាង ៣,០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិ Sikh។ មួយឆ្នាំក្រោយមក អំពើហិង្សាបានឆ្លងរាលដាលទៅដល់កាណាដា នៅពេលក្រុមអ្នកទាមទារផ្ដាច់ទឹកដី Sikh បានបំផ្ទុះគ្រាប់បែកលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយ ដែលបាន ហោះចេញពីអាកាសយានដ្ឋានទីក្រុង Toronto ដោយសម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ៣២៩នាក់។

បច្ចុប្បន្ន ខណៈអ្នកគាំទ្រចលនា Khalistan នៅក្នុងប្រទេសឥណ្ឌា មានចំនួនតិច ចលនានេះនៅតែទទួលបានការគំាទ្រយ៉ាងខ្លាំងពីសហគមន៍ជនជាតិភាគតិច Sikh នៅឯបរទេស ជាពិសេសគឺនៅកាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី៕

(Hardeep Singh Nijjar)