(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែនបានបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន៦រូបជាបន្ថែមទៀតក្នុង អំពើបោសសំអាតពុករលួយចេញពីក្រសួងការពារជាតិ។

អ៊ុយក្រែនដែលកំពុងមានសង្គ្រាមឆាបឆេះក្នុងប្រទេស បានធ្វើការកែតម្រង់ទិសរបស់ខ្លួន ដើម្បីអាចក្លាយជាសមាជិករបស់អង្គការណាតូ និងជាសមាជិកពេញសិទ្ធិរបស់អង្គការសហភាពអឺរ៉ុប។ ការតម្រង់ទិសដ៏ធំមួយដើម្បីបំពេញចិត្តប្រទេសលោកខាងលិចក្នុងការផ្តល់ជំនួយ ផង និងការអនុវត្តលក្ខខណ្ឌក្លាយជាសមាជិកអង្គការណាតូនិងអង្គការសហភាពអឺរ៉ុបផងនោះ គឺការបោសសំអាតអំពើពុករលួយ។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បណ្ដេញ​អនុរដ្ឋមន្ត្រី​ការពារជាតិ​ចំនួន៦​រូប​ចេញពីតំណែង ដែល ការបណ្តេញនេះបានធ្វើឡើងក្នុងរង្វង់ ដែលប្រទេសកំពុងតែមានសង្គ្រាមស៊ីសាច់ហុតឈាម ជាមួយនឹងរុស្ស៊ី។

អនុរដ្ឋមន្ត្រីដែលត្រូវបានដកចេញពីតំណែងរួមមាន លោកស្រី Hanna Maliar ដែលជាមនុស្ស សកម្មម្នាក់ក្នុងការចេញព័ត៌មានថ្មីៗពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ីនិងកងទ័ពអ៊ុយក្រែន។ ការផ្លាស់ប្តូរនេះទៀតបានកើតឡើង បន្ទាប់ពីការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីកាលពីដើមខែកញ្ញានេះមក។
គណៈរដ្ឋមន្ត្រីរបស់អ៊ុយក្រែនបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១៨កញ្ញាឆ្នាំ២០២៣ ខណៈដែលការធ្វើសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានឈានចូលដល់ ជាង៥៧០ថ្ងៃកន្លង​មកនេះ។

សេចក្តីរាយការណ៍បានបង្ហាញថា មិនមានការពន្យល់ណាមួយ អំពីមូលហេតុដែលមានការ បណ្តេញលោក Vladimir Gavrilov អាយុ ៦៥ឆ្នាំ, លោក Rostyslav Zamlynskii អាយុ ៤៧ ឆ្នាំ, លោកស្រី Hanna Maliar អាយុ ៤៥ ឆ្នាំ, លោក Denis Sharapov អាយុ ៥០ ឆ្នាំ, លោក Vitalii Deineha និង លោក Kostiantyn Vashchenko អាយុ ៥០ឆ្នាំនោះឡើយ។
ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​បានកើត​ឡើងតែ​ប្រមាណពីរ​សប្តាហ៍​ បន្ទាប់​ពី​លោក Zelensky បាន​បណ្តេញ​រដ្ឋមន្ត្រីការពារជាតិ​ លោក Oleksii Reznikov ក្នុង​ពេលកំពុងធ្វើសង្គ្រាមនិងកើតឡើង ក្នុងរង្វង់ពេល ដែល​មាន​ការ​ចោទ​ប្រកាន់​ជុំវិញ​ករណីស៊ីសំណូកនិង​អំពើ​ពុករលួយ។

ការគ្រប់គ្រងតំណែងរបស់ លោក Oleksii Reznikov ជាប្រមុខការពារជាតិអ៊ុយក្រែនក្នុងពេលធ្វើ សង្គ្រាមនោះ បានរងប៉ះពាល់នឹងកិត្តិយសជាខ្លាំង ដោយការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរនូវអំពើពុករលួយ ប៉ុន្តែលោក Oleksii Reznikov បានបដិសេធមិនជាប់ពាក់ព័ន្ធឡើយ។ ទោះជាយ៉ាងណាក្តី លោកបានលាលែងចេញពីមុខតំណែងនេះ។

លោក Oleksii Reznikov ត្រូវបានគេចោទប្រកាន់ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនទួរគីក្នុងការទិញឯកសណ្ឋានរដូវរងារដែលមានតម្លៃថ្លៃដល់ទៅ «បីដង»។
អ្នកកាសែតអ៊ុយក្រែនបានបង្ហាញថា ឯកសណ្ឋានយោធាដែលលោក Oleksii Reznikov បាន ទិញក្នុងកិច្ចព្រមព្រៀងនោះ អាចត្រូវបានទិញក្នុងតម្លៃទាបគួរឱ្យកត់សម្គាល់។

លោក Oleksii Reznikov បាននិយាយឆ្លើយតបទៅនឹងការចោទប្រកាន់នាពេលនោះដោយ ចាត់ទុកថាជាការសរសេររិះគន់ធ្ងន់ធ្ងរ និងទាមទារឱ្យមានការទទួលខុសត្រូវលើអត្ថបទដែលសរសេរ។ លោកថាការសរសេរនោះបានធ្វើឱ្យសង្គមបានយល់ច្រឡំ និងលើសពីនោះវាធ្វើ ឱ្យដៃគូរបស់យើងយល់ច្រឡំនិងគិតថាវាជាគ្រោះមហន្តរាយមួយ។
លោកបានថ្លែងថា «អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងតាមនីតិវិធីដេញថ្លៃ»។

លោក Reznikov ក្រោយមកក៏ត្រូវបានស្ថិតជាប់ក្នុងបញ្ជីខ្មៅក្រោមការតាមស៊ើបអង្កេតពាក់ ព័ន្ធសង្ស័យនឹងពុករលួយដែលគេបានចោទប្រកាន់ថាក្រសួងការពារជាតិអ៊ុយក្រែនបានចុះ ហត្ថលេខាលើកិច្ចសន្យាអាហារដែលមានតម្លៃ278 លានផោនដែលមានទំហំខ្ពស់ ហួស ហេតុ។
ខណៈពេលដែលលោក Reznikov មិនបានចុះហត្ថលេខាដោយផ្ទាល់លើកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ្នករិះគន់បាននិយាយថាលោកត្រូវតែមានការទទួលខុសត្រូវនៅទីចុងបំផុត ហើយក្រុម រិះគន់បានចង្អុលបង្ហាញពីគោលនយោបាយមិនអត់ឱនរបស់លោកលើការប្រឆាំងនឹងអំពើពុករលួយ។
លោក​ Reznikov បាន​ទទួល​ស្គាល់​នៅ​ពេល​នោះ​ថា​ សេវា​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ក្រសួង​ការពារជាតិ 'បាន​បរាជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន»។

លោក​ Reznikov នាទីចុងបំផុត បានលាលែងចេញពីមុខតំណែងបើទោះបីជាលោកបានបដិ សេធអំពើជាប់ពាក់ព័ន្ធការចោទប្រកាន់ពុករលួយក៏ដោយ។ លោកបានសរសេរថា «ថ្ងៃនេះ ខ្ញុំ បានបញ្ចប់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនហើយ។ ខ្ញុំសូមអរគុណចំពោះ លោកប្រធានាធិបតីហ្សេឡិនស្គីដែលបានស្នើឱ្យរូបខ្ញុំបានកាន់កាប់នូវតំណែងនេះ និងអរគុណ ចំពោះរដ្ឋសភាដែលគាំទ្រឱ្យខ្ញុំកាន់តំណែងកាលពី២២ខែមុននេះ»។

លោក Reznikov នៅបានសរសេរការអរគុណចំពោះសហការីនានាក្នុងជួររដ្ឋាភិបាលអ៊ុយក្រែន ការអរគុណចំពោះសហគមន៍អឺរ៉ុប និងអង្គការណាតូថែមទៀតក្នុងកិច្ចសហការជាមួយគ្នាកន្លងមក។ ប៉ុន្តែការលាលែងរបស់លោកក្នុងពេលដែលប្រទេសកំពុងមានសង្គ្រាមជាមួយ ការសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយនេះ បាននាំឱ្យក្តីបារម្ភថាតើទិសដៅរ​បស់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមនឹងមានភាពវិវត្តន៍ក្លាយជាយ៉ាងណា?

អ៊ុយក្រែនបាននឹងកំពុងបង្រ្កាបអំពើពុករលួយក្នុងពេលដែលកំពុងធ្វើសង្គ្រាមដ៏ខ្លាំងក្លា ជាមួយនឹងរុស្ស៊ី ដោយលោកប្រធានាធិបតី Zelensky បានចាត់ទុកអំពើពុករលួយគឺស្មើនឹងអំពើក្បត់ជាតិ។ ប្រជាជនអ៊ុយក្រែនត្រូវគេរាយការណ៍ថា កំពុងតែពុះកញ្ជ្រោលជំរុញឱ្យមេដឹកនាំអ៊ុយ ក្រែនត្រូវទទួលខុសត្រូវចំពោះអំពើពុករលួយដែលកំពុងកើតឡើងក្នុងប្រទេសនាពេលនេះ។
លោក Zelensky បានបង្ខំចិត្តត្រូវចាប់ផ្តើមដំណើរការផ្លាស់ប្តូរច្បាប់បន្ទាប់ពីករណីពុករលួយ ក្នុងសម័យសង្គ្រាមនេះ ត្រូវបានគេរកឃើញជាច្រើនដែលក្នុងនោះរួមមានមន្ត្រីជាន់ខ្ពស់អ៊ុយ ក្រែនចំនួន២រូបត្រូវបានគេបញ្ចេញឈ្មោះ ជាជនសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងគម្រោងកេងបន្លំពាក់ព័ន្ធ នឹងលទ្ធកម្មជំនួយមនុស្សធម៌។

លោកបានថ្លែងបញ្ជាក់មុននេះនូវការបញ្ជាក់តាំងចិត្តស្នើដាក់មនុស្សថ្មីជំនួសមនុស្សដែលគេ បានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។

លោកហ្សេឡិនស្គី បានថ្លែងថា​៖ «នាសប្តាហ៍នេះរដ្ឋសភានឹងត្រូវបានស្នើឱ្យធ្វើការសម្រេចចិត្ត ទាក់ទងនឹងការផ្លាស់ប្តូរមន្ត្រីជាបុគ្គលិក។ ខ្ញុំចង់គូសបញ្ជាក់នាពេលនេះ។ ខ្ញុំបានសម្រេចចិត្ត រកមនុស្សថ្មីជំនួសតំណែង រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន។ លោក Oleksii Reznikov បានឆ្លង កាត់ការធ្វើសង្គ្រាមប្រមាណ ជាង ៥៥០ ថ្ងៃនៃការធ្វើសង្គ្រាមដ៏ធំមកនេះ។ ខ្ញុំជឿថាក្រសួង ការពារជាតិត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃការធ្វើអន្តរកម្មទាំងជាមួយយោធា និងសង្គមទាំងមូល។ ឥឡូវនេះ លោក Rustem Umerov គួរតែត្រូវបានចូលកាន់កាប់ក្រសួង ការពារជាតិនេះហើយ។ សភាអ៊ុយក្រែនស្គាល់បុគ្គលនេះច្បាស់ណាស់ ហើយរំពឹងថា លោក Rustem Umerov មិនត្រូវការការណែនាំបន្ថែមទេ។ ខ្ញុំរំពឹងថាសភានឹងគាំទ្របេក្ខជនរូបនេះ»

លោក Rustem Umerov អាយុ៤១ឆ្នាំ គឺជាអ្នកនយោបាយអ៊ុយក្រែនម្នាក់ ដែលមានអតីតភាព ជាអ្នកជំនួញផង ជាអ្នកវិនិយោគនិងសប្បុរសជនក្នុងអតីតតំបន់ទឹកដី គ្រីមៀរនិងក៏ជាអនុប្រ ធានគណៈប្រតិភូអចិន្ត្រៃយ៍សភា នៃក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ ក្នុងខែធ្នូ ឆ្នាំ២០២០ លោក រ៉ាស់ស្តែម អ៊ូម៉េរ៉ូវ បានធ្វើជាសហប្រធានគំនិតផ្តួចផ្តើមការទូតនៅវេទិកា Crimea Platform ។

ជាមួយនឹងការស្នើរកការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការពារជាតិនេះ លោកហ្សេឡិនស្គី បានថ្លែង ទៀតថា លោកមិនទាន់ដឹងថា តើសមាជិកសភាអ៊ុយក្រែននឹងគាំទ្រគំនិតរបស់លោកដែរ ឬយ៉ាងណានោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា លោកនឹងស្នើរកការផ្លាស់ប្តូរនោះ។ លោក ហ្សេឡិនស្គី បញ្ជាក់ថា គេត្រូវអនុវត្តការផ្លាស់ប្តូរជាប្រព័ន្ធពីព្រោះនេះ​គឺជា​វិធី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។
អ៊ុយក្រែនកំពុងតែតម្រែតម្រង់ទិសរបស់ខ្លួនដើម្បីអាចក្លាយជាសមាជិករបស់ អង្គការណាតូ និងជាសមាជិកពេញសិទ្ធិរបស់អង្គការសហភាពអឺរ៉ុប។ ហើយដើម្បីការតម្រែតម្រង់ទិសនេះ ឈានរកការសម្រេចគោលដៅ, ចំណុចមួយដែលអ៊ុយក្រែនត្រូវការធ្វើជាបណ្តើរ គឺការបំបាត់ អំពើពុក រលួយ។

លោក ហ្សេឡិនស្គី បាននិយាយថា ការលុបបំបាត់អំពើពុករលួយនៅទូទាំងរដ្ឋាភិបាលអ៊ុយក្រែន គឺមានសារៈសំខាន់ចំពោះឱកាសរបស់ក្រុងកៀវ ក្នុងការទទួលបានសមាជិកភាពដែលរង់ចាំជាយូរ មកហើយនៅក្នុងអង្គការណាតូ និងក្នុងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបបានដាក់ចេញនូវផែន ការ៧ចំណុចដល់អ៊ុយក្រែនដែលចាំបាច់ត្រូវអនុវត្តតាមផែនការដែលបានដាក់ចេញនេះ បើ សិនជាអ៊ុយក្រែនចង់ឱ្យប្រទេសរបស់ខ្លួនក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុប។ ចំណុចមួយ ក្នុងរង្វង់ចំណុចទាំង៧របស់សហគមន៍អឺរ៉ុបនោះ គឺពង្រឹងកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើពុករលួយ, ប្រឆាំងការលាងលុយកខ្វក់និងអនុវត្តច្បាប់ដែលកាត់បន្ថយអំណាចពួកមហាសេដ្ឋី ដែលមានឥទ្ធិពលក្នុងវិស័យនយោបាយ។

យោងតាមរបាយការណ៍ឆ្នាំ ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ អ៊ុយក្រែន គឺជាប្រទេស ដែលពុករលួយបំផុតទីពីរនៅអឺរ៉ុបបន្ទាប់ពីប្រទេសរុស្ស៊ី។ នៅទូទាំងពិភពលោក អ៊ុយក្រែន បានជាប់ចំណាត់ថ្នាក់ទី១២២ ក្នុងចំណោម ១៨០ប្រទេស។

ការសន្យារបស់ លោក ហ្សេឡិនស្គី ក្នុងការលុបបំបាត់រដ្ឋាភិបាលដែលអំពើពុករលួយគឺជាហេតុ ផលមួយដែលនៅពីក្រោយការឡើងកាន់អំណាចយ៉ាងឆាប់រហ័សរបស់លោកនៅឆ្នាំ ២០១៩។

ការបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិទាំង៦រូបរបស់អ៊ុយក្រែនចេញពីតំណែង បានធ្វើឡើង នៅច្រើនម៉ោង បន្ទាប់ពីទាហានអ៊ុយក្រែនបានដណ្តើមទឹកដីបានខ្លះមកទៀតក្បែរក្រុងបាក់មុត។ អ៊ុយក្រែននៅលើសមរភូមិ បានអះអាងការកាន់កាប់ភូមិ Klishchiivka ពីទាហានរុស្ស៊ី។

ការចូលគ្រប់គ្រងនេះ គឺនៅបន្ទាប់ពីមានការចូលកាន់កាប់ភូមិមួយនៅក្បែរនោះទៀត គឺភូមិ Andriivka។ សេចក្តីរាយការណ៍បានបង្ហាញការបន្តវាយប្រហារនៅលើសមរភូមិយ៉ាងស្វិត ស្វាញថែមទៀត ដើម្បីការបន្តចូលកាន់កាប់ភូមិនាភាគខាងត្បូងប្រទេស។

សេចក្តីរាយការណ៍ពីសារព័ត៌មាន The Guardian វេលា២៤ម៉ោងចុងក្រោយនេះ បានបញ្ជាក់ ថាភូមិ Andriivkaនិងភូមិ Klishchiivka ដែលស្ថិតនារណសិរ្សជួរមុខ ត្រូវបានវាយទម្លុះបំបែកបានហើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី នៅជាមួយនឹងជោគជ័យនៃការ បណ្តេញមន្ត្រីថ្នាក់កំពូលក្រសួងការពារជាតិរបស់ខ្លួនចេញពីតំណែងផង និងព័ត៌មានជោគជ័យ នៃការចូលកាន់កាប់ភូមិ២នារណសិរ្សភាគខាងកើតប្រទេសផង បានស្ថិតក្នុងក្រុងញូយ៉កក្នុង សប្តាហ៍នេះក្នុងការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ និងជាលើកដំបូង ហើយដែលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរចូលរួមក្នុងមហាសន្និបាតពិភពលោកនេះ។ លោកហ្សេឡិនស្គី នឹងថ្លែងសុន្ទរកថាលើវេទិកាពិភពលោកនៅថ្ងៃអង្គារ៍ទី១៩ កញ្ញាដើម្បីអំពាវនាវពិភពលោកបន្តប្រឆាំងនឹងរុស្ស៊ី និងនៅថ្ងៃទី២០កញ្ញានឹងគ្រោងចូលរួម ប្រជុំក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ថែមទៀត៕