(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយបន្ថែមថាលោកនឹងជួបជាមួយសមភាគីអ៊ីរ៉ង់ ព្រមទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដ៏ទៃទៀតផងដែរ។

ចាប់តាំងពីការដាក់ទណ្ឌកម្មលោកខាងលិចមកលើរុស្ស៊ី​ បន្ទាប់ពីការលុកលុយប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ មក ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ពួកគេកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យយោធា។

ទីភ្នាក់ងារ Tasnim បានបន្ថែមថា លោក Shoygu នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការអភិវឌ្ឍន៍ក្នុងតំបន់ជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងសមភាគីអ៊ីរ៉ង់ផងដែរ។

កាលពីខែមុន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា កិច្ចសហប្រតិបត្តិការយោធារបស់រុស្ស៊ីជាមួយអ៊ីរ៉ង់ នឹងមិនចុះចាញ់នឹងសម្ពាធភូមិសាស្ត្រនយោបាយនោះទេ បន្ទាប់ពីមានរបាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំឱ្យទីក្រុងតេអេរ៉ង់ បញ្ឈប់ការលក់យន្តហោះគ្មានមនុស្សបើកទៅទីក្រុងមូស្គូ។

ទីក្រុងតេអេរ៉ង់បានសារភាពថា បានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែបាននិយាយថា ពួកគេបានបញ្ជូនយន្តហោះទាំងនោះមុនពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទៅទៀត។ ចំណែកទីក្រុងមូស្គូបានបដិសេធថា កងកម្លាំងរបស់ខ្លួនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅអ៊ុយក្រែន៕