(មូស្គូ)៖ ទិន្នន័យពីគយរុស្ស៉ីបានឲ្យដឹងថា ធ្យូងថ្មមានតម្លៃ ១៤.៣លានដុល្លារដែលផលិតក្នុងតំបន់រុស្ស៉ីកាន់កាប់នៅអ៊ុយក្រែន ត្រូវបាននាំចេញទៅកាន់ប្រទេសសមាជិកណាតូ គឺតួកគីក្នុងឆ្នាំ២០២៣នេះ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ទិន្នន័យបានបង្ហាញថា នៅចន្លោះខែកុម្ភៈ ដល់ខែកក្កដាឆ្នាំ ២០២៣ ធ្យូងថ្មប្រហែល ១៦០,៤០០តោនមកពីភាគខាងកើតអ៊ុយក្រែន គឺតំបន់ដូណេត និងលូហាន់ បានទៅដល់តួកគី។ អ្នកផលិតចំនួន ៣ដែលចុះបញ្ជីនៅក្នុងទិន្នន័យគយបញ្ជាក់ប្រាប់ Reuters ថា ពួកគេបានដឹកជញ្ជូនធ្យូងថ្មចេញពីតំបន់ទាំង ២នេះ ទៅកាន់ប្រទេសតួកគី។ យ៉ាងនេះក្តី ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយតួកគី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយលើការនាំចេញនោះទេ។

គួរបញ្ជាក់ថា តួកគីគឺជាអ្នកប្រើប្រាស់ និងអ្នកនាំចូលធ្យូងថ្មដ៏សំខាន់មួយ ដែលកំពុងរារាំងនិន្នាការកាត់បន្ថយរបស់ពិភពលោក ដោយចង់បង្កើនចំណែកធ្យូងថ្មសម្រាប់ការថាមពលផលិតអគ្គិសនី។ ខុសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តួកគីក៏មិនបានរឹតបន្តឹងពាណិជ្ជកម្មជាមួយរុស្ស៉ី ឬជាមួយតំបន់របស់អ៊ុយក្រែនដែលរុស្ស៉ីកំពុងគ្រប់គ្រងនោះទេ៕