(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់អតីតសមាជិក២រូបនៃកងកម្លាំង Flying Tigers របស់អាមេរិក ដែលធ្លាប់ចូលរួមប្រយុទ្ធដើម្បីប្រទេសចិន ក្នុងសម័យសង្គ្រាមលោកលើកទី២ ថាចិន-សហរដ្ឋអាមេរិក «គួរតែ និងត្រូវតែ» សម្រេចបាននូវការរួមរស់ជាមួយគ្នាដោយសន្តិភាព ដែលជាការផ្តល់តំរុយមួយថ្មីទៀតពីទីក្រុងប៉េកាំង ដើម្បីឲ្យភាគីទាំងពីឈានទៅកាត់បន្ថយភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងការឆ្លើយតបមួយទៅកាន់លិខិតរបស់អតីតពីឡុត លោក ហាររី ម៉ូយឺ (Harry Moyer) និងលោក ម៉ែល ម៉េមូលលិន (Mel McMullen) លោក ស៉ី បាននិយាយថា ប្រជាជនចិន និងសហរដ្ឋអាមេរិក ធ្លាប់មានសត្រូវប្រយុទ្ធរួមគ្នាជាមួយជប៉ុន និងបង្កើតបានមិត្តភាពយ៉ាងជ្រាលជ្រៅ។
លោក ស៉ី បានគូសបញ្ជាក់ថា «ក្រឡេកទៅមើលអនាគត ចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសពីរដ៏សំខាន់ ត្រូវទទួលបន្ទុកជាចម្បងលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក។ ពួកយើងត្រូវតែ និងគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ»។
គួរបញ្ជាក់ថា ការអំពាវនាវរកស្ថិរភាព និងសន្តិភាពនៃទំនាក់ទំនងរបស់លោក ស៉ី ធ្វើឡើងបន្ទាប់ពីមានជំនួបរវាងក្រុមមន្រ្តីជាន់ខ្ពស់ចិន និងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ស្តារបណ្តាញការទូត ក៏ដូចជាទំនាក់ទំនងរវាងយោធា និងយោធា៕