(តូក្យូ)៖ នាថ្ងៃអង្គារនេះ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 បានអំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៉ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដែលអូសបន្លាយជាច្រើនខែមកហើយ បន្ទាប់ពីក្រុមរដ្ឋមន្រ្តីការបរទេសរបស់ប្លុកប្រទេសនេះ បានជួបប្រជុំគ្នានៅក្រៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ហើយចេញសេចក្តីថ្លែងការណ៍រួមមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយ ក្រសួងការបរទេសរបស់ជប៉ុន ដែលជាប្រធានប្តូរវេនរបស់ G7 បាននិយាយថា សមាជិកទាំងអស់ នៅតែសង្ឃឹមថា ចិននឹងខ្នះខ្នែងជំរុញឱ្យមានការដកកងកម្លាំងរបស់រុស្ស៉ីទាំងស្រុងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចេញពីអ៊ុយក្រែន។ បណ្តាប្រទេស G7 ក៏បានស្វាគមន៍ផងដែរ ចំពោះការចូលរួមរបស់ចិន នៅក្នុងកិច្ចពិភាក្សាដឹកនាំដោយអ៊ុយក្រែន នៅទីក្រុងចេដាស់ (Jeddah) ហើយបន្តលើកទឹកចិត្តឱ្យទីក្រុងប៉េកាំង គាំទ្រដល់កិច្ចប្រឹងប្រែងស្វែងរក សន្តិភាពមួយដែលយុត្តិធម៌និងយូរអង្វែងសម្រាប់​អ៊ុយក្រែន។

ទន្ទឹមគ្នាសេចក្តីថ្លែងការណ៍រួមរបស់ G7 ថែមទាំងបានលើកឡើងដោយពុំមានបញ្ជាក់ឈ្មោះប្រទេសចំៗថា សមាជិកទាំងអស់របស់ខ្លួន បន្តអំពាវនាវជាថ្មីដល់ភាគីទីបីទាំងឡាយ ឱ្យបញ្ឈប់រាល់សកម្មភាពជួយជ្រោមជ្រែង ដល់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយបើពុំដូច្នោះទេ នឹងត្រូវទទួលរងតម្លៃយ៉ាងធ្ងន់ធ្ងរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទើបតែជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅតំបន់ចុងបូព៌ារុស្ស៉ី ដើម្បីបើកកិច្ចពិភាក្សា ដែលរួមមានទាំងការធ្វើឱ្យចំណងទាក់ទងផ្នែកយោធា កាន់តែជិតស្និទ្ធ។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់ G7 កើតមានឡើងស្របពេលដែល រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី កំពុងបំពេញ​ទស្សនកិច្ចរយៈពេល៤ថ្ងៃនៅរុស្ស៉ី ហើយអំលុងពេលនោះ ប្រទេសទាំង២ ត្រូវគេរំពឹងថានឹងសន្យាធ្វើឱ្យទំនាក់ទំនងនយោបាយ កាន់តែមាន​ភាពស៉ីជម្រៅខ្លាំងថែមទៀត។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏អាចនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងពេលអនាគតដ៏ខ្លីខាងមុខផងដែរ៕