(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាជាមួយសមភាគីរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅក្នុងទីក្រុងមូស្គូ ដើម្បីពង្រឹង ទំនាក់ទំនងកាន់តែជិតស្និទ្ធ ចំពោះមុខភាពប្រេះស្រាំនៃទំនាក់ទំនងជាមួយលោកខាងលិចជុំវិញសង្គ្រាមអ៊ុយក្រែន និងការបង្កើនវត្តមានយោធានៅ តំបន់ប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅពេលចាប់ផ្តើមកិច្ចពិភាក្សា លោក វ៉ាង បានសាទរកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ព្រមជាមួយនឹងការគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត រួមគ្នាចំពោះពិភពលោកពហុប៉ូល និងពិភពលោកដែលមានសណ្តាប់ធ្នាប់ជាងមុន។ លោក វ៉ាង បានថ្លែងយ៉ាងដូច្នេះថា «ចិន និងរុស្ស៉ី ក្នុងនាមជាមហាអំណាច ឈានមុខគេលើពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ត្រូវទទួលខុសត្រូវជាពិសេសលើការរក្សាស្ថិរភាព យុទ្ធសាស្ត្រ និងការអភិវឌ្ឍសកល»

ចំណែក លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា «សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិន គឺសម្រាប់ធានាយុត្តិធម៌ក្នុងកិច្ចការពិភពលោក ធានាឲ្យមានតុល្យភាព ផលប្រយោជន៍ក្នុងដំណើរការអភិវឌ្ឍទិសដៅផ្សេងៗគ្នា»។ លោក ឡារ៉ូវ បានបន្ថែមថា រុស្ស៉ី-ចិន នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ អំឡុងមហាសន្និបាត UN នៅសប្តាហ៍នេះ ក៏ដូចជាវេទិកាអន្តរជាតិផ្សេងៗទៀត។

គួរបញ្ជាក់ថា ប្រមុខការទូតចិន ដែលបន្តស្ថិតនៅក្នុងប្រទេសរុស្ស៉ីរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏គ្រោងរៀបចំកិច្ចពិគ្រោះយោបល់ជាយុទ្ធសាស្ត្រ ផ្នែកសន្តិសុខជាមួយក្រុមមន្ត្រីរុស្ស៉ីផងដែរ។ ដំណើរទស្សនកិច្ចនេះកើតមានឡើងបន្ទាប់ពី លោក វ៉ាង ទើបបានជួបទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ នៅឯប្រទេសម៉ាល់ត៍ ដើម្បីសាកល្បងបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕