(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាយន្ដហោះចម្បាំងចិនរាប់សិបគ្រឿងបានធ្វើសកម្មភាព នៅក្បែរកោះតៃវ៉ាន់ ខណៈទីក្រុងតៃប៉ិ អំពាវនាវឱ្យចិនបញ្ឈប់នូវអ្វីដែលខ្លួនហៅថាជាសកម្មភាពបង្កហេតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ការអះអាងខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនបញ្ជូនយន្ដហោះចម្បាំង ១០៣គ្រឿង ហោះហើរ ក្បែរកោះតៃវ៉ាន់ចន្លោះពីថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងទៅនេះ។ នៅថ្ងៃអង្គារនេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ជាថ្មីថាយន្ដហោះចម្បាំងចិន ៥៥គ្រឿង និងនាវាចម្បាំង ៧គ្រឿង បានបន្តធ្វើសកម្មភាពក្បែរដែនកោះរបស់ខ្លួនកាលពីថ្ងៃចន្ទ ដល់ព្រឹកថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ ប្រហែលជាពាក់កណ្ដាលនៃយន្ដហោះចម្បាំងទាំង ៥៥គ្រឿងរបស់ចិន បានហោះឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់៕