(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាកងកម្លាំងរបស់ខ្លួនបានទម្លុះខ្សែការពាររបស់កងកម្លាំងរុស្ស៉ី នៅក្បែរទីក្រុងបាកមូត (Bakhmut)នៅក្នុងល្បឿនឆ្ពោះទៅមុខសន្សឹមៗ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក ជាទីដែលលោកត្រូវ បានរំពឹងថានឹងថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ហើយនេះគឺជាដំណើរទស្សនកិច្ច លើកទី២របស់ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ក៏មានគម្រោងថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN នៅថ្ងៃអង្គារសប្ដាហ៍នេះ និងទៅជួបលោក ចូ បៃដិន នៅឯសេតវិមានផងដែរ។

ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងអរគុណសហរដ្ឋអាមេរិក ចំពោះភាពជាមេដឹកនាំរបស់ពួកគេ ក្នុងការគាំទ្រដល់ការតស៊ូរបស់ពួកយើង ដើម្បីសេរីភាព និងឯករាជ្យភាព»។ ដោយឡែក នៅឯសមរភូមឯណោះវិញ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយដណ្ដើមបានផ្ទៃដីសរុប ៧គីឡូម៉ែត្រក្រឡាកាលពីសប្ដាហ៍មុន នៅក្បែរទីក្រុងបាកមូត និងនៅតាមបណ្ដោយ សមរភូមិភាគខាងត្បូង។ «ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងនៅតែបន្តនៅក្បែរទីក្រុងបាកមូត...ហើយជាលទ្ធផលនៃសកម្មភាពជោគជ័យនៃកងកម្លាំងរបស់យើង នោះគឺខ្សែការពាររបស់សត្រូវត្រូវបានទម្លុះ»។ នេះជាការបញ្ជាក់របស់មេបញ្ជាការកងទ័ពថ្មើរជើងអ៊ុយក្រែន លោក អូឡិកសាន់ឌឺ សៀស្គី (Oleksandr Syrskyi)។

គួរបញ្ជាក់ថា ការអះអាងពីការទម្លុះខ្សែការពារកងកម្លាំងរុស្ស៉ី នៅក្បែរទីក្រុងបាកមូត កើតមានឡើង បន្ទាប់ពីអ៊ុយក្រែនបាននិយាយថាកងកម្លាំងរបស់ ខ្លួនវាយដណ្ដើមបានភូមិចំនួន២ នៅភាគខាងត្បូងទីក្រុងបាកមូត កាលពីប៉ុន្មានថ្ងៃមុននេះ៕