(ប៉េកាំង)៖ “សូមញ៉ាំត្រីដែលរងការបំពុលឱ្យកាន់តែយកចិត្តទុកដាក់ សឹមប្រាប់យើងអំពីសភាពការណ៍សុខភាពរបស់អ្នកនៅ១០ឆ្នាំក្រោយ ។” ពេលថ្មីៗកន្លងទៅនេះ លោកស្រី Murai Akemi អតីតសមាជិកសភានៃបក្សកុម្មុយនីស្តជប៉ុនបានរងការរិះគន់ និងវាយប្រហារពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតជប៉ុនមួយចំនួន ដោយសារបានច្រានចោលមតិប្លែកៗ របស់អ្នកសារព័ត៌មានជប៉ុនស្តីពី “ការញ៉ាំត្រីជប៉ុន ដើម្បីយកឈ្នះលើប្រទេសចិន” ហើយលោកស្រីបានលុបចោលសារដើម និងសុំអភ័យទោសម្តងហើយម្តងទៀតទាំងបង្ខិតបង្ខំ។

ប្រព័ន្ធសារព័ត៌មានជប៉ុនបានផ្សាយដំណឹងឱ្យដឹងថា ពាក្យ “ត្រីរងការបំពុល”ក្នុងសារនេះត្រូវគេសម្គាល់ថា “ហួសហេតុពេក” ដែលនាំឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតជប៉ុន ។ ដោយសាររងកម្លាំងសម្ពាធយ៉ាងខ្លាំង លោកស្រី Murai Akemi បានលុបចោលសារពាក់ព័ន្ធ ព្រមទាំងសុំអភ័យទោសតាមរយៈ ការបង្ហោះសារវែងនៅលើប្លុកហ្គឺផ្ទាល់ខ្លួនលោកស្រីផងដែរ ។

រឿងនេះបានជះឥទ្ធិពលរហូតដល់បច្ចុប្បន្ននេះ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនដូចជាកាសែត 《Yomiuri Shinbun》 ជាដើមឱ្យដឹងថា ក្រៅពីសុំអភ័យទោសនិងលុបចោលសារដើម លោកស្រី Murai Akemi ក៏បានដកខ្លួនចេញពីការបោះឆ្នោតជ្រើសរើស សមាជិកសភាតំណាងរាស្ត្រអាណត្តិក្រោយផងដែរ។

គួរឱ្យបញ្ជាក់ថា នៅចុងខែសីហា បន្ទាប់ពីចូលរួមសិក្ខាសាលាមួយអំពីបញ្ហាថា តើត្រូវជួយឧបត្ថម្ភឧស្សាហកម្មជលផលជប៉ុនតាមរបៀបណា លោក Nomura Tetsuro រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុនបានលើកឡើងដល់ពាក្យ “ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ”នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន តែមិនមែនប្រើពាក្យ “ទឹកសំណល់ដែលធ្វើប្រព្រឹត្តកម្ម” ដែលភាគីជប៉ុនតែងតែប្រើប្រាស់នោះ ហើយត្រូវលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាឱ្យដកមកវិញនិងសុំអភ័យទោស។ យប់ថ្ងៃដដែល លោក Nomura Tetsuro បានឱនលំទោនខ្លួនសុំទោសនៅក្នុងសន្និសីទសារព័ត៌មាន។

ទាក់ទងនឹងរឿងនេះ ពេលថ្មីៗ កន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ពាក្យ “ទឹកសំណល់ដែលធ្វើប្រព្រឹត្តកម្ម” នេះគឺមិនអើពើនឹងការពិតជាក់ស្តែង គ្រាន់តែជាការប៉ុនប៉ងកាត់បន្ថយ និងបិទបាំងផលប៉ះពាល់ នៃការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ក៏ដូចជាបំភាន់សាធារណជននិងមតិអន្តរជាតិរបស់ជប៉ុនប៉ុណ្ណោះ ។ ការលើកឡើងនូវ “ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ” របស់មន្ត្រីជប៉ុនពាក់ព័ន្ធ គឺគ្រាន់តែនិយាយពីការពិតមួយម៉ាត់ប៉ុណ្ណោះ ។ អ្វីដែលភាគីជប៉ុនគួរតែដកមកវិញយ៉ាងពិតប្រាកដ តើមិនមែនជាសេចក្តីសម្រេចចិត្តដ៏ខុសឆ្គង ស្តីពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ទៅក្នុងសមុទ្រទេឬ? ហើយអ្នកដែលភាគីជប៉ុនគួរតែសុំអភ័យទោស តើមិនមែនជាទង្វើអាត្មានិយមដែលផ្ទេរហានិភ័យបំពុល ដោយនុយក្លេអ៊ែរទៅឱ្យទូទាំងពិភពលោកទេឬ?

តាមទិន្នន័យនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ដែលស្ថិតនៅក្រោមឱវាទនៃក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុនឱ្យដឹងថា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima លើកដំបូងបានបញ្ចប់នៅថ្ងៃទី១១ខែកញ្ញារួចហើយ ។ ព្រមពេលជាមួយគ្នានេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន នឹងធ្វើការត្រួតពិនិត្យចំពោះគ្រឿងបរិក្ខារពាក់ព័ន្ធនឹងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ។ បន្ទាប់ពីបញ្ចប់ការងារត្រួតពិនិត្យ នឹងចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់ការបង្ហូរ ទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រលើកទីពីរ ។
ជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ មើលទៅហាក់ដូចជាទង្វើទាល់ច្រក ក៏ប៉ុន្តែតាមការពិតគឺជាទង្វើមិនដឹងក្បាល មិនដឹងកន្ទុយនិងកុហកខ្លួនឯងកុហកអ្នកដទៃ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ “អ្នករងគ្រោះ”ដ៏ធំបំផុតគឺជប៉ុនខ្លួនឯង។
ប្រទេសជប៉ុនដែលល្បីឈ្មោះខាងរបរនេសាទ និងឧស្សាហកម្មពាក់ព័ន្ធមុខជានឹងប្រឈមមុខនឹង “គ្រោះមហន្តរាយដ៏កាចសាហាវ” ជាមិនខាន ។ ក្នុងពេលដំណាលគ្នា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ទៅក្នុងសមុទ្រ ក៏នឹងបង្កជាផលប៉ះពាល់ដល់វិស័យជាច្រើនដូចជា បម្លាស់ទីនៃត្រីទូទាំងពិភពលោក របរនេសាទនៅសមុទ្រឆ្ងាយ សុខភាពមនុស្សជាតិនិងសុវត្ថិភាពអេកូឡូស៊ីជាដើម ពោលគឺពិបាកប៉ាន់ប្រមាណចំពោះការគំរាមកំហែងកំបាំង ទៅលើសង្គមមនុស្សជាតិនិងបរិស្ថានអេកូឡូស៊ីសមុទ្រ។

ជប៉ុនបានចាប់ផ្តើមពន្លឿនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ហើយត្រៀមបម្រុងការងារបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ទៅក្នុងសមុទ្រដំណាក់កាលទីពីរយ៉ាងឆាប់រហ័ស។ ទង្វើបែបនេះបានបង្ហាញថា អាជ្ញាធរជប៉ុនមិនអើពើនឹងការយកចិត្តទុកដាក់ និងប្រឆាំងរបស់សាធារណជនទូទាំងពិភពលោក គិតតែបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ដែលខ្លួនស្តុកទុកទាំងអស់ទៅក្នុងសមុទ្រ ។ បច្ចុប្បន្ននេះ ប្រទេសនានាលើពិភពលោក បានប្រឈមមុខនឹងបញ្ហាជាបន្ទាន់មួយ ពោលគឺតើនឹងបន្ថែមសម្ពាធទៅលើជប៉ុនយ៉ាងណា ដើម្បីដាក់កំហិតលើការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ។ យើងមិនអាចឱបដៃឈរមើលទេ ចាំបាច់ត្រូវប្រើមធ្យោបាយដ៏រឹងចចេស ក្នុងការទប់ស្កាត់ជប៉ុន ដើម្បីចៀសវាងពីការបង្កជាការគំរាមកំហែងកាន់តែធំ ចំពោះតុល្យភាពអេកូឡូស៊ីសកល និងការរស់រានមានជីវិតរបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន