(កៀវ)៖ ក្នុងកិច្ចសម្ភាសដែលចេញផ្សាយដោយសារព័ត៌មានអាមេរិក Politico នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ លោក តារ៉ាស កាចឆ្កា (Taras Kachka) ដែលជាតំណាងពាណិជ្ជកម្មអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនគ្រោងដាក់ពាក្យប្តឹង​ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ជុំវិញការដាក់បម្រាមលើផលិតផលកសិកម្មរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ការរឹតត្បិតដែលដាក់ចេញដោយសហភាពអឺរ៉ុប (EU) កាលពីខែឧសភា ឆ្នាំនេះ បានអនុញ្ញាតឱ្យប៉ូឡូញ ប៊ុលហ្ការី ហុងគ្រី រូមានី និងស្លូវ៉ាគី អាចដាក់បម្រាមលើ ការលក់ផលិតផលកសិកម្មអ៊ុយក្រែន ដូចជា ស្រូវសាលី ពោត គ្រាប់រុក្ខជាតិ rapeseed និងគ្រាប់ផ្កាឈូករ័ត្ន ជាដើម នៅក្នុងប្រទេសរបស់ពួកគេ ស្របពេលដែលអនុញ្ញាតឱ្យពួកវា អាចត្រូវដឹកឆ្លងកាត់ប្រទេសទាំង៥បាន សម្រាប់ការនាំចេញឆ្ពោះទៅទីផ្សារ​នៅកន្លែងផ្សេងទៀត។

យ៉ាងណាមិញ ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានប្រកាសពីការរឹតត្បិតផ្ទាល់ខ្លួនរបស់ពួកគេ លើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសម្រេចមិនបន្ត សុពលភាពបម្រាមរបស់សហភាពអឺរ៉ុប ដែលហាមឃាត់ការនាំចូលពួកវា​ទៅកាន់ប្រទេស EU ទាំង៥ ដែលនៅក្បែរខាងអ៊ុយក្រែន។ ប្រទេសអឺរ៉ុបកណ្តាលទាំង៣ បាននិយាយថា ពួកគេសម្រេចធ្វើបែបនោះ គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ និងដើម្បីការពារជីវភាពប្រជាកសិកររបស់ប្រទេសទាំង៣។

ពាក់ព័ន្ធបម្រាមខាងលើ លោក Kachka បាននិយាយដូច្នេះថា «វាជារឿងសំខាន់ក្នុងការបញ្ជាក់ថា សកម្មភាពទាំងនេះគឺមិនត្រឹមត្រូវ​តាមច្បាប់នោះទេ។ ដូច្នេះហើយ ទើបយើងនឹងចាប់ផ្តើមដំណើរការតាមផ្លូវច្បាប់នៅថ្ងៃស្អែក (ថ្ងៃអង្គារ)»។ លោក Kachka បានបន្តថា អ៊ុយក្រែនអាចនឹងត្រូវបង្ខំចិត្តចាត់វិធានការតបតវិញ ប្រសិនបើពួកគេមិនព្រមទម្លាក់បម្រាមនោះចោល។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានអនុញ្ញាតឱ្យបម្រាមរបស់ខ្លួនផុតសុពលភាព កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីខាងអ៊ុយក្រែន បានអះអាងថា ខ្លួននឹងចាត់វិធានការដើម្បីរឹតបន្តឹងការនាំចេញផលិតផលកសិកម្ម ទៅកាន់បណ្តាប្រទេសជិតខាង៕