(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បាននិយាយនៅចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ ដែលរួមមានការបន្ធូរបន្ថយតម្លៃអគ្គិសនីជាបណ្តើរៗ និងការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីទប់ទល់នឹងតម្រូវការទន់ខ្សោយលើការនាំចេញរបស់ថៃ និងភាពជឿជាក់កម្រិតទាបរបស់អ្នកវិនិយោគ លោក ស្រេតថា និងក្រុមចម្រុះទាំង ១១ក្នុងរដ្ឋាភិបាលរបស់លោក បានសន្យាធ្វើឲ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ ជាមួយនឹងការដាក់ចេញនូវវិធានការប្រជានិយមជាបន្តបន្ទាប់ ដែលរួមមានការព្យួរបំណុលសម្រាប់កសិករ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនពេញវ័យថៃ។
លោក ស្រេតថា បានបញ្ជាក់ថា «យើងបានកាត់បន្ថយតម្លៃអគ្គិសនីរួចហើយ ហើយយើងចង់កាត់បន្ថយថែមទៀត ប៉ុន្តែវានឹងចំណាយពេលជាច្រើនសប្តាហ៍»។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចថៃពេលនេះគឺមិនសូវល្អនោះទេ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងមានកំណើន២.៨% នៅឆ្នាំ២០២៣នេះ ប៉ុន្តែលោក ស្រេតថា មានគោលដៅជំរុញកំណើនប្រចាំឆ្នាំ ៥%។ បន្ថែមលើការបញ្ចុះថ្លៃចំណាយគឺការដំឡើងប្រាក់ឈ្នួល ដោយការរំពឹងថានឹងមានការប្រកាសនៅអំឡុងខែវិច្ឆិកា៕