(តូក្យូ)៖ ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យឃើញថា ជាលើកដំបូងបំផុត ដែលជាង១០ភាគរយនៃប្រជាជនជប៉ុនសរុប មានអាយុច្រើនជាង៨០ឆ្នាំ ស្របពេលដែលប្រទេសអាស៉ីខាងកើតមួយនេះ កំពុងប្រឈមនឹងស្ថានភាពប្រជាជន ដែលមានវ័យចំណាស់កាន់តែច្រើនឡើងៗ ក្នុងសន្ទុះយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ទិន្នន័យរដ្ឋាភិបាលខាងលើ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ នៅមុន «ទិវាគោរពដឹងគុណចាស់ទុំ» នាថ្ងៃចន្ទនេះ ក៏បានបង្ហាញដែរថា ភាគរយនៃចំនួនប្រជាជនជប៉ុន ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានកើនដល់២៩.១ភាគរយ។ អត្រានេះបើនៅក្នុងប្រទេសអ៉ីតាលី ដែលជាប់ចំណាត់ថ្នាក់លេខ២គឺ ២៤.៥ភាគរយ និងហ្វាំងឡង់ដែលស្ថិតនៅលេខ៣ គឺ២៣.៦ភាគរយ។ ដូច្នេះមានន័យថា ជប៉ុនគឺជាប្រទេសលើពិភពលោក ដែលមានអត្រាមនុស្សចាស់ច្រើនបំផុត ក្នុងចំណោមប្រជាជនសរុប។
ជាច្រើនទសវត្សរ៍មកហើយ ជប៉ុនបានមើលឃើញចំនួនប្រជាជនរបស់ខ្លួន មានការថយចុះ និងមានវ័យកាន់តែចាស់ច្រើនឡើ់ង ស្របពេលដែលប្រជាជនក្មេងៗ ពន្យារពេលរៀបការនិងយកកូន ដែលជាចម្បងគឺដោយសារកត្តាអស្ថិរភាពការងារ និងការលំបាកផ្នែកសេដ្ឋកិច្ច។ នៅជប៉ុន ប្រជាជនប្រមាណ១២.៥៩លាននាក់ គឺំមានអាយុចាប់ពី៨០ឆ្នាំឡើងទៅ និង២០លាននាក់ មានអាយុចាប់ពី៧៥ឆ្នាំឡើង។ ជប៉ុនមានចំនួនប្រជាជនសរុបទាំងអស់១២៤.៤លាននាក់។
ជាលទ្ធផល ជប៉ុនពឹងផ្អែកលើកម្លាំងពលកម្មដែលមានវ័យចំណាស់។ មនុស្សជាង៩លាននាក់នៅក្នុងប្រទេសជប៉ុន គឺកំពុងធ្វើការងារ ដែលស្មើនឹង១៣.៦ភាគរយ នៃកងកម្លាំងពលកម្មសរុបរបស់ជប៉ុន ឬស្មើនឹងមានម្នាក់ក្នុងចំណោមអ្នកធ្វើការ៧នាក់ នៅប្រទេសជប៉ុន។ ប្រមាណ១ភាគ៤ នៃប្រជាជនវ័យចំណាស់សរុបនៅជប៉ុន គឺមានការងារ ដែលតិចជាងអត្រា៣៦.២ភាគរយនៅកូរ៉េខាងត្បូង ប៉ុន្តែខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត ដូចជាសហរដ្ឋអាមេរិក ដែលមាន១៨.៦ភាគរយ និងបារាំងដែលមាន៣.៩ភាគរយ។
គួរបញ្ជាក់ថា នៅត្រឹមឆ្នាំ២០៤០ ប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុន ត្រូវបានព្យាករថានឹងទទួលបន្ទុករហូតដល់៣៤.៨ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប៕