(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅប្រទេសម៉ាល់ត៍ កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈប្រទេសមហាអំណាចទាំង២ កំពុងព្យាយាមធ្វើឲ្យទំនាក់ទំនងមាន ស្ថិរភាពឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារបស់សេតវិមាន និងក្រសួងការបរទេសចិន បានកត់សម្គាល់ដូចគ្នាថា «ភាគីទាំងពីរ បានជួបពិភាក្សា ប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈស្ថាបនាអំឡុងកិច្ចប្រជុំជាច្រើនម៉ោង ដែលធ្វើឡើងកាលពីថ្ងៃទី១៦ និងទី១៧ ខែកញ្ញា»

មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា មានសញ្ញាខ្លះដែលអាចកំណត់ថាភាពរអាក់រអួលនៃទំនាក់ទំនងយោធា ប្រទេសទាំងពីរ អាចចាប់ផ្តើមស្តារឡើងវិញ។ យ៉ាងនេះក្តី ក្រុមមន្ត្រី​ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​នៃ​ទំនាក់ទំនងរវាង​យោធា ​និង​យោធា​នោះទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំរវាងលោក ស៊ូលីវ៉ាន់ ជាមួយលោក វ៉ាង គឺជាជំនួបកិច្ចពិភាក្សាកម្រិតខ្ពស់នៃមន្ត្រីអាមេរិក និងចិន ដែលអាចជាមូលដ្ឋានមួយ ត្រួសត្រាយផ្លូវ សម្រាប់រៀបចំកិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៉ី ជិនពីង នៅចុងឆ្នាំ២០២៣នេះ៕