(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានជំរុញឱ្យចិនបញ្ឈប់សកម្មភាពអរិភាពឯតោភាគី បន្ទាប់ពីទីក្រុងតៃប៉ិបានរាយការណ៍ពីសកម្មភាព យន្ដហោះចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួនឥតឈប់ឈរ ជាមួយការសង្កត់ធ្ងន់ថាសកម្មភាពបែបនេះនឹងមានតែបង្កើនភាពតានតឹង តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិន ដែលអះអាងថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន បានបង្កើនការធ្វើសកម្មភាពយោធាតាមរយៈការធ្វើសមយុទ្ធយោធាជាប្រចាំ នៅក្បែរ កោះតៃវ៉ាន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសកម្មភាពយោធាយាយីឥតឈប់ឈរដោយយោធាកុម្មុយនិស្ដ (ចិន) អាចនឹងបង្កើន ភាពតានតឹងបានយ៉ាងងាយស្រួល ព្រមទាំងធ្វើឱ្យសន្តិសុខក្នុងតំបន់កាន់តែធ្លាក់ចុះដុនដាប។ ដូច្នេះយើងអំពាវនាវឱ្យអាជ្ញាធរទីក្រុងប៉េកាំង ទទួលខុសត្រូវ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពទឯតោភាគី»។
គួរបញ្ជាក់ថា តៃវ៉ាន់ នៅថ្ងៃចន្ទនេះដែរ បានអះអាងថាយន្ដហោះចម្បាំង១០៣គ្រឿង និងនាវាចម្បាំង៩គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើសកម្មភាពហោះហើរនៅក្បែរកោះតៃវ៉ាន់ នៅចន្លោះពីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះ។ ក្រសួងបន្ថែមថាក្នុងចំណោម យន្ដហោះចម្បាំងចិនទាំងនេះ មាន៤០គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់៕