(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាកងកម្លាំងរបស់ខ្លួន វាយដណ្ដើមកាន់កាប់បានភូមិ ឃ្លីសឈីវកា (Klishchiivka) ដែលជាភូមិ យុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងបាកមូត (Bakhmut) ខណៈកំពុងបន្តធ្វើប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៉ី ចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ជោគជ័យនៅលើសមរភូមិ គឺជារឿងដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ និងជាលើកទី២ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ដើម្បីស្នើសុំការគាំទ្របន្ថែម។ លោក អូឡិកសាន់ឌឺ សៀស្គី (Oleksandr Syrsky) ជាមេបញ្ជាការកងទ័ពថ្មើរជើងអ៊ុយក្រែន បានអះអាងពីការវាយដណ្ដើមបានភូមិ Klishchiivka នៅក្នុងសារមួយបង្ហោះលើ Telegram ជាមួយការគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ភូមិ Klishchiivka ត្រូវបានរំដោះពីទាហានរុស្ស៉ី»។
ចំណែក លោក ហ្សេលេនស្គី ក៏បានកោតសរសើរដល់កងកម្លាំងអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្បែរទីក្រុងបាកមូតផងដែរ ខណៈលើកឡើងថាទីក្រុងកៀវ កំពុង ត្រៀមវិធានការការពារជាតិថ្មីមួយសម្រាប់អ៊យក្រែន ដោយផ្ដោតលើប្រព័ន្ធការពារដែនអាការ និងកាំភ្លើងធំជាអាទិភាព។ ប៉ុន្តែលោក ហ្សេលេនស្គីមិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ។
គួរបញ្ជាក់ថា ភូមិ Klishchiivka គឺជាភូមិយុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងបាកមូត នៃភាគកើតប្រទេស។ ភូមិនេះបានធ្លាក់ចូលទៅ ក្រោមការគ្រប់គ្រងដោយទាហានរុស្ស៉ីកាលពីខែមករា ឆ្នាំ២០២៣៕